
រាជធានីភ្នំពេញ៖ ម្ចាស់ពានវីរបុរសរាយការណ៍ដែលផ្តល់ដោយអាម៉េរិក គឺ លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងពីពន្ធនាគារវិញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ការដោះលែងនេះ កើតឡើងក្រោយលោកចេញវីដេអូពីពន្ធនាគារកាលពីពេលយប់ ដើម្បីសូមទោសទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ អ្វីដែលលោកសូមទោស គឺសូមទោសអំពីការបង្ហោះលើគណនីហ្វេសប៊ុក៤-៥លើកជាប់ៗគ្នា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ ក៏មានការបង្ហោះរូបភាពពីការវាយកម្ទេចបាភ្នំ ក្នុងខេត្តព្រៃវែងផងដែរ។ ក្នុងវីដេអូ លោកទទួលស្គាល់ថា រូបភាពវាយកម្ទេចបាភ្នំនោះ ជារូបភាពមិនពិត។

ស្ថិតក្នុងរថយន្ត ដែលបើកជូនដោយ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ពេលចេញពីពន្ធនាគារ លោក ម៉ិច ដារ៉ា ជាអ្នកកាសែតឯករាជ្យ (Freelancer) បានប្រាប់ក្រុមអ្នកកាសែតដូចគ្នាថា លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយតុលាការពុំទាន់ទម្លាក់បទចោទចេញពីលោកឡើយ។ បើតាមលោក ម៉ិច ដារ៉ា តុលាការបានដាក់កាតព្វកិច្ចមួយចំនួនឱ្យលោកអនុវត្តក្នុងអំឡុងនៅក្រៅឃុំនេះ តែលោកពុំបានបញ្ជាក់លម្អិតពីកាតព្វកិច្ចទាំងនោះទេ។ ជាមួយគ្នានេះ លោកថ្លែងអំណរគុណដល់មិត្តភក្តិទាំងអស់ និងមជ្ឈដ្ឋាននានា ដែលបានជួយលោក រួមទាំងថ្នាក់ដឹកនាំផងដែរ។

លោក ម៉ិច ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ បើគិតទៅ លោកជាប់ឃុំអស់២៥ថ្ងៃ មុនត្រូវដោះលែងវិញ។ ក្រោយការបង្ហោះសារ និងរូបភាពពាក់ព័ន្ធនឹងរឿងបាភ្នំពីសំណាក់លោក ម៉ិច ដារ៉ា លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានប្រមូលមន្រ្តីខ្លួនសឹងគ្រប់គ្នា រួមទាំងភាគីផ្សេងទៀត ដើម្បីធ្វើជាវីដេអូរួមមួយបដិសេធទៅនឹងការបង្ហោះរបស់លោក ម៉ិច ដារ៉ា។ ក្នុងវីដេអូនោះ មន្រ្តីរដ្ឋបាលស្រុកបាភ្នំ និងភាគីផ្សេងៗ បានឈរថតពីមុខបាភ្នំតែម្ដង ហើយលោកចៅហ្វាយស្រុក បញ្ជាក់ថា បាភ្នំពុំបានបាត់ទៅណាឡើយ ពោលគឺភ្នំនៅតែជាភ្នំ ហើយសូម្បីកាំជណ្តើរភ្នំ ក៏នៅដូចដើមដែរ។

តាមរយៈវីដេអូនោះ លោកចៅហ្វាយស្រុកបាភ្នំ ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឱ្យចាត់វិធានការច្បាប់លើលោក ម៉ិច ដារ៉ា ចំពោះការបង្ហោះព័ត៌មានអំពីរឿងបាភ្នំនេះ។ ដូចការស្នើរបស់លោកចៅស្រុកបាភ្នំ លោក ម៉ិច ដារ៉ា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល ក្រោមបទញុះញង់បង្កឱ្យមានចលាចលដល់សន្តិសុខសង្គម។

ស្ថាប័នសារព័ត៌មានក្នុងស្រុកមួយចំនួន ស្ថានទូតបរទេសនានានៅកម្ពុជា អង្គការអន្តរជាតិ រហូតដល់សហភាពអឺរ៉ុប បានរិះគន់អាជ្ញាធរចំពោះការចាប់លោក ម៉ិច ដារ៉ា និងស្នើឱ្យដោះលែងលោកវិញ។ ប៉ុន្តែការស្នើទាំងនោះ ពុំបានទទួលបានជោគជ័យឡើយ រហូតទាល់តែលោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស ទើបលោកបានរួចខ្លួនវិញ។ កាលពីឆ្នាំ២០២៣ លោក ម៉ិច ដារ៉ា ធ្លាប់ទទួលបាន «ពានវីរបុរសរាយការណ៍» (Report Hero) ពីក្រសួងការបរទេសអាម៉េរិក ដោយសារស្នាដៃរបស់លោក ដែលផ្សាយព័ត៌មានជុំវិញការជួញដូរមនុស្ស៕



