លោកមេទ័ព វង្ស ពិសេន អះអាងថា កម្ពុជាមានមុខមាត់ស្មើប្រទេសលើសាកលលោក ព្រោះមានការជួយរបស់ចិន
Mao Sopha
22 តុលា 2024 08:30 AM

រាជធានីភ្នំពេញ៖ នៅចំពោះមុខមន្រ្តីជាន់ខ្ពស់នៃកងទ័ពចិន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ(កម្ពុជា) លើកឡើងពីគុណស្រ័យរបស់មិត្តចិន ដែលបានជួយជ្រោមជ្រែងកម្ពុជាក្នុងការអភិវឌ្ឍ។ លោក វង្ស ពិសេន អរគុណភាគីចិនចាប់តាំងពីបក្ស រដ្ឋាភិបាល ដល់ប្រជាជនចិន ដែលបានជួយឧបត្ថម្ភយ៉ាងធំធេង ទាំងសម្ភារទាំងថវិកា ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនគ្រប់វិស័យរហូតដល់សព្វថ្ងៃ ហើយស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។

លោក ជូ គួពីវ និងលោក វង្ស ពិសេន ចាប់ដៃគ្នា
លោក ជូ គួពីវ និងលោក វង្ស ពិសេន ចាប់ដៃគ្នា

មន្រ្តីជាន់ខ្ពស់នៃកងទ័ពចិន គឺលោកឧត្តមសេនីយ៍ទោ ជូ គួពីវ (Zhu Guobiao) បានដឹកនាំគណៈប្រតិភូចូលជួបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅអគ្គបញ្ជាការដ្ឋាន (កម្ពុជា) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ខ្លឹមសារនៃការសំណេះសំណាលរវាងមន្រ្តីយោធាជាន់ខ្ពស់ទាំង២ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកម្ពុជា។ លោក វង្ស ពិសេន ថែមទាំងអរគុណចិន ដែលបានជួយទំនុកបម្រុងដល់ការធ្វើទំនើបកម្មកងទ័ពកម្ពុជា ហើយលោកក៏មិនភ្លេចអរគុណចិនដែរ ដែលទើបឧបត្ថម្ភថវិកា (ជាង៤២លានដុល្លារ) បន្ថែម ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤នេះ។

លោក ជូ គួពីវ
លោក ជូ គួពីវ

លោកឧត្តមសេនីយ៍ទោ ជូ គួពីវ ថ្លែងថា ចំណងមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពយូរអង្វែង ហើយបានក្លាយជាគំរូនៃទំនាក់ទំនងរវាងប្រទេសតូច និងប្រទេសធំ ហើយក៏ឆ្លុះបញ្ចាំងពីការគោរពគ្នាទៅវិញមកផងដែរ។ ជាមួយគ្នានេះ លោក ជូ គួពីវ បានសម្ដែងក្ដីរីករាយចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រើពាក្យស្រដៀងនឹងលោកឧត្តមសេនីយ៍ទោ ជូ គួពីវ ថា ទំនាក់ទំនងកម្ពុជា-ចិន បានក្លាយជាទំនាក់ទំនងការទូតគំរូ។

លោក វង្ស ពិសេន
លោក វង្ស ពិសេន

បន្ថែមពីនេះ លោក វង្ស ពិសេន បានសំណូមទៅភាគីចិន ឱ្យផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នានៅគ្រប់កម្រិត រួមទាំងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។ ចុងក្រោយ មេទ័ពកម្ពុជារូបនេះ បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មី ពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ»

លោក ជូ គួពីវ ចូលជួបលោក សៅ សុខា 
លោក ជូ គួពីវ ចូលជួបលោក សៅ សុខា 

ក្រៅពីជួបលោក វង្ស ពិសេន លោក ជូ គួពីវ ក៏បានជួប លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ សូមបញ្ជាក់ថា លោក ឈី ឈីងសាន (Qu Qingshan) មន្រ្តីជាន់ខ្ពស់នៃបក្សកុម្មុយនីស្ដចិន ក៏មកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤នេះ។ លោក ឈី ឈីងសាន បានជួបសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មក លោកក៏ចូលរួមធ្វើបទបង្ហាញចែករំលែកពីបទពិសោធសំខាន់ៗ និងប្រវត្តិ១០០ឆ្នាំនៃបក្សកុម្មុយនីស្ដចិន ដល់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕

លោក ឈី ឈីងសាន ចូលជួបសម្តេច ហ៊ុន សែន។ 
លោក ឈី ឈីងសាន ចូលជួបសម្តេច ហ៊ុន សែន។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត