មេបក្សកុម្មុយនីស្ដវៀតណាម ប្តេជ្ញាបន្តប្រើកណ្តាប់ដៃដែក​បោសសម្អាត​អំពើពុករលួយ
ហៀប ស៊ីថេត
22 តុលា 2024 06:00 AM

រដ្ឋធានីហាណូយ៖ ប្រមុខបក្សកុម្មុយនីស្ដវៀតណាមថ្មី លោក តូ ឡាំ បានប្រាប់សភានៅថ្ងៃចន្ទទី២១តុលា ឱ្យបន្តបោះជំហានកាន់តែរឹងត្អឹង ជំរុញការប្រឆាំងនឹងអំពើពុករលួយ ខណៈរបបកុម្មុយនីស្ដមួយនេះ កំពុងបោសសម្អាតអំពើពុករលួយ បង្កឱ្យរង្គោះរង្គើរពេញផ្ទៃប្រទេស...។

លោក តូ ឡាំ
លោក តូ ឡាំ

លោក តូ ឡាំ បានចូលកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ក្នុងខែសីហា ក្រោយ លោក ង្វៀន ភូចុង ទទួលមរណភាព ខណៈក្បាលម៉ាស៊ីនថ្មីរូបនេះ បានថ្លែងសុន្ទរកថាជាលើកដំបូងរបស់លោក នៅថ្ងៃចន្ទទី២១តុលា ក្នុងនាមជាមេដឹកនាំកំពូលទៅកាន់ប្រតិភូរដ្ឋសភា។ ការបោសសម្អាតប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាបានចាប់ផ្តើមដោយបុរសខ្លាំង ង្វៀន ភូចុង។ លោក ឡាំ បាន​បន្ត​ការ​ជំរុញ​ការបង្ក្រាបអំពើពុករលួយឥតទម្លាក់ដៃ ខណៈ​អ្នក​វិភាគ​អះអាង​ថា​ លោក​បាន​ប្រើ​ការបោសសម្អាតអំពើពុករលួយនេះជាអាវុធ​នយោបាយ ដើម្បី​កម្ចាត់​គូប្រជែង​។ សូមរំឭកថា លោក ឡាំ ជា​អនុប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ប្រឆាំង​អំពើ​ពុករលួយ​ មុន​ពេល​តែងតាំង​ជា​អគ្គលេខាធិការ​នៅ​ខែ​សីហា។

បច្ចុប្បន្ន លោក ឡាំ កាន់តួនាទីជាអគ្គលេខាធិការ ជាមុខតំណែងដ៏សំខាន់បំផុតរបស់វៀតណាម ក្នុងរចនាសម្ព័ន្ធដឹកនាំដែលមានសសរស្តម្ភទាំងបួន។ នៅពេលចាប់ផ្តើមសម័យប្រជុំនៃសភាជាតិរបស់ប្រទេស លោក ឡាំ បានអំពាវនាវឱ្យសមាជិកសភារឹតបន្តឹងវិន័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងបាតុភូតអវិជ្ជមាន។ ប្រធានចៅក្រមវៀតណាម លោក លី មិញទ្រី (Le Minh Tri) បានឱ្យដឹងកាលពីសប្តាហ៍មុនថា មនុស្សជាង១ម៉ឺននាក់ ត្រូវបានកាត់ទោសនៅក្នុងការកាត់ក្ដីប្រហែល៤៨០០ករណី ជាផ្នែកមួយ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏តឹងរឹងបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត