ប្រើធម៌ក្ដៅម្តងនេះ គ្មានការលើកលែង! ក្រសួងចាប់រថយន្តធន់ធំដឹកលើសទម្ងន់១៦គ្រឿង ជាបន្តបន្ទាប់
L
Linda Sorn
21 តុលា 2024 07:30 AM

រាជធានីភ្នំពេញ៖ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានធ្វើការត្រួតពិនិត្យ និងចាប់រថយន្តធន់ធ្ងន់ដែលដឹកលើសទម្ងន់កំណត់បានចំនួន១៦គ្រឿង ក្នុងចំណោម៤ខេត្ត។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន…។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការត្រួតពិនិត្យនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយក្នុងរយៈពេលចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ចាប់ពីថ្ងៃទីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង សរុបលទ្ធផលនៅក្នុង៤ទីតាំងនេះ ក្រុមការងារបានត្រួតពិនិត្យរកឃើញយានយន្តចំនួន១៦គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់។ ក្នុងនោះ ចំណោម១៦គ្រឿង មានយានយន្ត១គ្រឿង មានពាក់ស្លាកឡូហ្គោ SSP និងដឹកខ្សាច់ ផ្ទុកទម្ងន់ចំនួន៤៥តោន លើសទម្ងន់កម្រិតកំណត់ចំនួន១៥តោន ចំនួន១៣គ្រឿង លើសទម្ងន់កម្រិតកំណត់ចន្លោះពី៦តោន ដល់១៩តោន ដោយដឹកថ្ម និងគ្រឿងសំណង់ ផ្ទុកលើសទម្ងន់ចន្លោះពី២២តោន ដល់៤៤តោន ព្រមទាំងយានយន្តមួយចំនួនទៀត។

ដូច្នេះ ពាក់ព័ន្ធបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ស្លាកឡូហ្គោផ្សេងៗបិទជាប់រថយន្ត ជាពិសេស មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុក១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមហ៊ុននោះឡើយ។ កាលពីកន្លងទៅ ក្រសួងនៅតែឃាត់បានរថយន្តដឹកទំនិញលើសកំណត់ជាហូរហែ ជាក់ស្តែងដូចកាលពីកំលុងឆមាសទី១ នៃឆ្នាំ២០២៣ រថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ចំនួន១១២២គ្រឿង នៃរថយន្តត្រួតពិនិត្យសរុប ១ ៣១២ ៥៧៩គ្រឿង(ជាង១លានគ្រឿង) ត្រូវបានផាកពិន័យ។

មួយវិញទៀត កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន២គ្រឿង មានបំពាក់ស្លាកឡូហ្គោ TH, HC ដឹកទំនិញស្ករស ផ្ទុកទម្ងន់សរុបចន្លោះពី៥៤តោន ដល់៨៩តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី១៩តោន ដល់៤៤តោន ដែលត្រូវពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល០១ឆ្នាំ។ គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ ត្រូវអនុញ្ញាតតាមប្រភេទយានយន្តដូចជា​ យានយន្តភ្លៅ២​ ទម្ងន់អនុញ្ញាត​១៦តោន យានយន្តភ្លៅ ​ទម្ងន់អនុញ្ញាត​២៥តោន យានយន្តភ្លៅ ទម្ងន់អនុញ្ញាត​៣០តោន យានយន្តសណ្តោងរ៉ឺម៉ក ​ឬសណ្តោងសឺមីរ៉ឺម៉ក​ដែលមានភ្លៅ ទម្ងន់អនុញ្ញាត​៤០តោន និងយានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ​ ឡើងទៅ​ ទម្ងន់អនុញ្ញាត​៤៥តោន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត