
រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍នេះបានជម្រាបជូនឱ្យដឹងពីតម្លៃ និងឯកសារពាក់ព័ន្ធមួយចំនួនដែលត្រូវការប្រើប្រាស់ក្នុងពេលទៅស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀកយានជំនិះ សម្រាប់អ្នកបើកបរដែលត្រៀមធ្វើសំណើរស្នើសុំសេវា។

បើតាមសារអត្ថាធិប្បាយលើគណនីហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា សម្រាប់តម្លៃសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចំពោះទោចក្រយានយន្ត (សណ្តោងរឺម៉ក) ឬត្រីចក្រយានយន្ត មានតម្លៃ ៧ ០០០រៀល សម្រាប់រថយន្ត តាមប្រភេទ មានតម្លៃចាប់ពី ៣៦ ០០០រៀល រហូតដល់ ៦៦ ០០០រៀល និងសម្រាប់រ៉ឺម៉ក ឬសឺមីរ៉ឺម៉ករថយន្ត មានតម្លៃ ៣៦ ០០០រៀល។

ក្នុងនោះ ចំពោះឯកសារដែលត្រូវប្រើប្រាស់សម្រាប់ការស្នើសុំធ្វើឆៀកយានជំនិះមានដូចជា ចំពោះយានយន្ត ដែលមិនទាន់ចុះបញ្ជីសុំផ្លាកលេខ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬសៀវភៅគ្រួសារ បង្កាន់ដៃពន្ធនាំចូល (អាចថតចម្លង) បង្កាន់ដៃបងប្រាក់ និងពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។ ចំណែកយានយន្តដែលធ្លាប់ចុះបញ្ជីស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះម្តងរួចមកហើយ ត្រូវភ្ជាប់មកជាមួយនូវបណ្ណសម្គាល់យានយន្ត (អាចថតចម្លង) ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) និងបង្កាន់ដៃបង់ប្រាក់។

យ៉ាងណាពាក់ព័ន្ធនឹងសុពលភាពវិញ្ញាបនប័ត្រពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ស្របតាមមាតា ៤៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់រថយន្តថ្មីជាប្រភេទរថយន្តលក្ខណៈគ្រួសារមានសុពលភាពរយៈពេល៤ឆ្នាំ (បន្ទាប់មក២ឆ្នាំម្តង) រថយន្តចាស់ជាប្រភេទរថយន្តលក្ខណៈគ្រួសារមានសុពលភាពរយៈពេល២ឆ្នាំដូចគ្នា រថយន្តថ្មីសម្រាប់ដឹកអ្នកដំណើរ ឬដឹកទំនិញមានរយៈពេល២ឆ្នាំ (បន្ទាប់មក ១ឆ្នាំម្តង) រួមទាំងប្រភេទរថយន្តមួយចំនួនទៀត។
នៅក្នុងប្រទេសកម្ពុជា ប្រសិនបើចង់ចរាចរយានជំនិះនៅតាមដងផ្លូវដោយស្របច្បាប់ អ្នកបើកបរយានយន្តទាំងអស់ត្រូវតែធ្វើការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អ្នកបើកបរយានយន្តអាចធ្វើការស្នើសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ឬទៅស្នើសុំត្រួតពិនិត្យនៅទីតាំងផ្ទាល់៕





