
ខេត្តក្រចេះ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងពីការចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតទៅតាមការចាំបាច់លើក្រុមហ៊ុន Chanthea Angkor Development Co., Ltd ដែលបានដាក់នូវស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយ លើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A...។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះមានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development Co., Ltd បានលើកស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូថា ខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៧៣ ផ្លូវខេត្ត លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នេះ។ ក្រសួងសង្កត់ថា ជាការពិតផ្លូវខាងលើបាននឹងកំពុងស្ថាបនាក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកលេខ IDA Cr. 6767-KH គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Road Connectivity Improvement Project) ដែលស្ថាបនា ដោយក្រុមហ៊ុនចំនួន២។

ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនោះរួមមាន៖ ទី១. ក្រុមហ៊ុន Poly Changda Engineering Co., Ltd ជាក្រុមហ៊ុនទទួលបានកិច្ចសន្យាស្ថាបនា ជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ៣៧៧ (គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់ វត្តវិហារសសរ១០០ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A (គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ទៅដល់ផ្លូវជាតិលេខ៧ ត្រង់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ) ចាប់តាំង ពីខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៩។ ទី២. ក្រុមហ៊ុន NIMMENG PROCO JOINT VENTURE បានទទួលកិច្ចសន្យាស្ថាបនា និងថែទាំជួសជុលកំណាត់ផ្លូវជាតិលេខ៧៣ (គិតចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅដល់ ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ) ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៩ ខាងមុខ៕




