តើទ្វីបណាខ្លះមានមនុស្សរស់នៅច្រើនជាងគេលើភពផែនដី?
ហៀប ស៊ីថេត
17 តុលា 2024 12:00 PM

ចំណេះដឹងទូទៅ៖ ជាការពិតណាស់ ចំនួនប្រជាជននៅលើពិភពលោក បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈការកើនឡើងនៃចំនួនប្រជាសាស្ត្រនៅទូទាំងទ្វីបមិនភាពភាពស្មើគ្នាក៏ដោយ។ យ៉ាងណា តើទ្វីបណាខ្លះមានមនុស្សរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក...? ថ្ងៃនេះ SBM News នឹងបង្ហាញពីទ្វីបចំនួន៦ដែលមានមនុស្សរស់នៅច្រើនបំផុតលើភពផែនដី។

បើគេនិយាយអំពីទ្វីប ដែលមានមនុស្សរស់នៅច្រើនបំផុតលើភពផែនដី គេតែងគិតស្រមៃទៅដល់ទ្វីបធំជាងគេលើលោក នោះគឺទ្វីបអាស៊ី។ ទ្វីបដ៏មហិមាមួយនេះ ជាផ្ទះរបស់មនុស្សជាង៤,៨ពាន់លាននាក់ ដោយគ្រាន់តែចំនួនប្រជាជនចិន និងឥណ្ឌាបូកបញ្ចូលគ្នាមានប្រមាណជាង២,៨ពាន់លាននាក់បាត់ទៅហើយ។ ទ្វីបធំជាងគេលើលោកនេះ មានផ្ទៃដីសរុបចំនួនជាង៤៤លានគីឡូម៉ែត្រការ៉េ។ លំដាប់ទី២៖ ទ្វីបអាហ្រ្វិក គឺជាទ្វីបធំទីពីរមានប្រជាជនចំនួន១,៥ពាន់លាននាក់ ខណៈទ្វីបនេះមានផ្ទៃដីសរុបចំនួនជាង ៣០លានគីឡូម៉ែត្រការ៉េ។ លំដាប់ទី៣៖ ទ្វីបអឺរ៉ុប មានមនុស្សរស់នៅប្រហែល ៧៤៣លាននាក់ ខណៈទ្វីបអ្នកមានមួយនេះ មានផ្ទៃដីសរុបចំនួនជាង១០លានគីឡូម៉ែត្រការ៉េ

លំដាប់ទី៤៖ ទ្វីបអាម៉េរិកខាងជើង មានប្រជាជនប្រមាណ៦១៣លាននាក់ មានទំហំផ្ទៃដីសរុបចំនួនជាង២៤គីឡូម៉ែត្រការ៉េ។ លំដាប់ទី៥៖ ទ្វីបអាម៉េរិកខាងត្បូង មានប្រជាជនរស់នៅលើទ្វីបនេះសរុបចំនួន៤៣៥លាននាក់ ខណៈទ្វីបនេះមានផ្ទៃដីសរុបជិត ១៨លានគីឡូម៉ែត្រការ៉េ។ ចុងក្រោយគេ លំដាប់ទី៦៖ ទ្វីបអូសេអានី មានប្រជាជនរស់នៅតិចបំផុតដោយមានចំនួនសរុបត្រឹមតែ៤៦,៥លាននាក់តែប៉ុណ្ណោះ ហើយទ្វីបមួយនេះ ក៏ជាទ្វីបតូចជាងគេបំផុតក្នុងលោកផងដែរ ដោយមានទំហំផ្ទៃក្រឡាសរុបចំនួនជាង៨,៥លានគីឡូម៉ែត្រការ៉េ។ ដោយឡែក ទ្វីបអង់តាក់ទិក ជាទ្វីបភាគខាងត្បូងបំផុតនៅតែគ្មានមនុស្សរស់នៅអចិន្ត្រៃយ៍ ដោយសារតែទ្វីបគ្របដោយកម្រាលផ្ទាំងទឹកកកត្រជាក់ខ្លាំងពេក។ តួលេខទាំងនេះ បង្ហាញពីភាពខុសគ្នាខ្លាំងនៃចំនួនដង់ស៊ីតេប្រជាជននៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា បើទោះបីជាមនុស្សបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅឆ្នាំក៏ពិតមែន ប៉ុន្តែបណ្តាប្រទេសនានាជាច្រើននៅទ្វីបដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក [ទ្វីបអាស៊ី] កំពុងតែជួបប្រទះវិបត្តិប្រជាសាស្ត្រជាទម្ងន់ ជាក់ស្តែងរួមទាំង៖ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ខណៈប្រទេសទាំងនេះកំពុងថយចុះយ៉ាងគំហុកនៃអត្រាមានកូន ចំពេលចំនួនប្រជាជនវ័យចំណាស់បន្តកើនឡើងខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត