
ខេត្តបាត់ដំបង៖ ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៦តុលា កាកបាទក្រហមកម្ពុជាសាខាខេត្ត សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងការិយាល័យចរាចណ៍ផ្លូវគោក បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋក្នុងតំបន់។

លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សិត អាជីវករ និងសាធារណជន ឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមគោរពសិទ្ធិជនពិការ។ ទន្ទឹមគ្នានោះ លោកបានសម្ដែងការបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសំណូមពរដល់អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ហើយត្រូវគោរពសិទ្ធិអាទិភាព ក្នុងពេលធ្វើដំណើរ។

សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប ក្នុងខេត្តបាត់ដំបង ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខណៈព្រឹត្តិការណ៍បុណ្យអុំទូកថ្ងៃទី១ ខេត្តបានស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកដើរកម្សាន្តតាមបណ្តោយដងស្ទឹងសង្កែជាង៤៦ម៉ឺននាក់ កើនជាងឆ្នាំ២០២៣ ជាង ៩ភាគរយ។ នេះបើតាមរបាយការណ៍បង្ហាញដោយមន្ទីរទេសចរណ៍។ ចំពោះទូកប្រកួតឈ្នះពីលេខ១ដល់លេខ៣ នឹងត្រូវបន្តដំណើរមកប្រកួតនៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រារព្ធធ្វើឡើងដោយរាជរដ្ឋាភិបាល ពោលគឺជាបុណ្យប្រពៃណីជាតិ៕ រាយការណ៍ដោយ៖ភ្នាក់ងារខេត្តបាត់ដំបង





