ក្រសួងប្រៃសណីយ៍អំពាវនាវទៅអ្នកលក់ដុំសេវាអ៊ីនធឺណិតគ្មានអាជ្ញាបណ្ណ បញ្ឈប់សកម្មភាពចែកចាយ
L
Linda Sorn
17 តុលា 2024 01:30 PM

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃពុធបានចេញសេចក្តីណែនាំ ដោយស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់បញ្ឈប់រាល់សកម្មភាពលក់ ​ ឬចែកចាយដុំសេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុនយកទៅធ្វើអាជីវកម្មបន្ត ដោយលក់ឱ្យអ្នកប្រើប្រាស់ដែលគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត…។

សេចក្តីជូនដំណឹងបានឱ្យដឹងកាលពីថ្ងៃទី១៦តុលាថា ក្រោយក្រសួងបង្កើត«ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស» រួចមក ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការ និងលក់ដុំសេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គលយកទៅធ្វើអាជីវកម្មបន្ត និងចែកចាយបន្តនៅតាមបុរី អគារពាណិជ្ជកម្ម ឬផ្សារទំនើបដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ខណៈទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្ដល់សេវាផ្តាច់មុខ ដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍នេះផងដែរ។

ហេតុនេះ ក្រសួងសូមស្នើ៖«​ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក.។ ក្រុមហ៊ុន ឬបុគ្គល ដែលកំពុងធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក. ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់»។ មួយវិញទៀត ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យាផ្តាច់មុខជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ក៏ត្រូវតែបញ្ឈប់រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី៥លានរៀល ទៅ១០លានរៀល បន្ថែមពីនេះ ក្រុមហ៊ុន ឬបុគ្គលទាំងនោះ ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរទៅតាមទំហំនៃប្រតិបត្តិការអាជីវកម្ម និងផ្អែកទៅតាមសកម្មភាពល្មើសច្បាប់នានារបស់ខ្លួន។ នេះបើតាមសេចក្តីជូនដំណឹងដដែល។ យ៉ាងណា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការពង្រឹងគុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងស្របច្បាប់ ព្រមទាំងធានានូវតម្លៃសមស្របជូនដល់អ្នកប្រើប្រាស់ទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត