
និយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយសមត្ថកិច្ច ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយស្រាវជ្រាវដឹងថាក្រុមហ៊ុនខាងលើបានប្រើប្រាស់ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ(Fake BTS) ដើម្បីផ្ញើសារល្បែងស៊ីសង និងកម្ចីប្រាក់ឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ជាក់ថា ក្នុងកិច្ចចុះបង្រ្កាបនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥គ្រឿង ឧបករណ៍ Fake BTS ១៩គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធិច្បាប់។ គួរបញ្ជាក់ថា មុននឹងឈានដល់បើកការស្រាវជ្រាវ និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងករណីខាងលើ គឺបន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថាមានជនទុច្ចរិតបានលួចប្រើប្រាស់ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station) ដើម្បីផ្ញើសារដែលផ្សព្វផ្សាយអំពីល្បែង Online កម្ចីឯកជន ឬផ្ញើសារផ្សេងៗ ដែលបានបង្កការរំខានយ៉ាងខ្លាំងទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័ត និងជះឥទ្ធិពលមិនល្អដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ភាពឯកជន និងសុវត្ថិភាពទិន្នន័យជាដើម។ ជាមួយគ្នានេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការព្រមានមិនឱ្យមានការនាំចូល និងហាមដាច់ខាតការប្រើប្រាស់ឧបករណ៍ Fake BTS នៅក្នុងប្រទេសដោយគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ប្រសិនបើបុគ្គលណាល្មើសនោះនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន៕







