
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានជម្រាបជូនសាធារណជន អំពីការវាយប្រហារថ្មី តាមប្រព័ន្ធតេឡេក្រាម (Telegram) ដែលបាននឹងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោក បញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ជាការឱ្យចុចតាមលីង ដែលពួកគេបានផ្ញើមក...។

លិខិតដដែលបានគូសបញ្ជាក់ឱ្យដឹងថា សារដែលផ្ញើបោកបញ្ឆោតទៅអ្នកប្រើប្រាស់អាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ «អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព...។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ munnn#https://telegram.we... ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី ២៤ ម៉ោង»។ ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ លេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ខាងក្រោម។

លិខិតដដែលបានបញ្ជាក់ទៀតថា សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)" នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែម តាមរយៈអីមែល incident@camcert.gov.kh និងតាមទូរសព្ទលេខ ០២៣ ៧២២ ៣៩១ , ០១៦ ៨៥១ ៦៧៨។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានផងដែរ៕





