ក្រសួងប្រៃសណីយ៍ ជំរុញទឹកចិត្តសិស្សប្រឡងជាប់បាក់ឌុបចាប់យកជំនាញឌីជីថល
យិត​​ ស្រីល័ក្ខ
10 វិច្ឆិកា 2023 01:00 PM

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញលើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២-២០២៣ ចាប់យកជំនាញឌីជីថល ដើម្បីទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់លើកកម្ពស់ជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងប្រៃសណីយ៍នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣...។

ក្រសួងបានគូសបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។ ដូច្នេះក្រសួង៖«សូមលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណា ចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។ បន្ថែមលើនេះ សិស្សានុសិស្សអាចទទួល បានឱកាសសិក្សាជាច្រើនក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើ  ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលតាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។

ជាមួយគ្នានោះ ក្រសួងក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ នឹងចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួរជម្រាបថា​ ជំនាញឌីជីថល សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង កម្មវិធីទំនាក់ទំនង និងបណ្តាញសង្គមជាដើម ដើម្បីអាចចូលទៅប្រើប្រាស់ ទិន្នន័យ និងគ្រប់គ្រងព័ត៌មាន។ ជំនាញនេះផ្ដល់នូវសិទ្ធចូលប្រើប្រាស់ ដើម្បីបង្កើតចែករំលែកមាតិកាឌីជីថល​​ ទំនាក់ទំនង សហការដោះស្រាយបញ្ហា និងបង្កើនភាពច្នៃប្រឌិតក្នុងជីវិតរួមទាំងការសិក្សា ការងារ អាជីវកម្ម និងសកម្មភាពសង្គមផ្សេងៗជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត