«ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដាក់ឱ្យដំណើរការនៅគ្រប់ក្រសួង-ស្ថាប័នរដ្ឋ
L
Linda Sorn
05 កញ្ញា 2024 07:00 PM

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃព្រហស្បតិ៍នេះបានសម្រេចដាក់ឱ្យគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ក្រោមជាតិ និងនីតិបុគ្គល ប្រើប្រាស់ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ក្នុងការផ្ដល់សេវាសាធារណៈដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ក្នុងន័យចូលរួមលុបបំបាត់ការក្លែងបន្លំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍

បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ការសម្រេចដាក់ឱ្យគ្រប់ក្រសួងថ្នាក់ក្រោមជាតិទាំងអស់ប្រើប្រាស់ថ្នាលនេះ គឺដើម្បីផ្តល់សេវាសាធារណៈក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល និងទំនុកចិត្តក្នុងការប្រើប្រាស់ ជាពិសេសចំណេញពេលវេលា កាត់បន្ថយការចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ជាមួយគ្នានោះ ក្រៅពីអត្ថប្រយោជន៍សម្រាប់វិស័យសាធារណៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏បានដាក់ឱ្យប្រើប្រាស់ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យឯកជន និងសាធារណជនទូទៅ ខណៈ ថ្នាលនេះ អាចជួយដោះស្រាយបញ្ហាប្រឈមដែលមានក្នុងវិស័យឯកជនផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក.ប.ទ. ក៏នឹងគិតគូររៀបចំអភិវឌ្ឍថ្នាលនេះជា «ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs» ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្ដល់សេវាសាធារណៈស្របតាមក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេស ការចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ គួរបញ្ជាក់ថា ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដារ អាចផ្ទៀងផ្ទាត់តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ព្រមទាំងអាចយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត