រដ្ឋមន្រ្តីការងារ៖ ពីឆ្នាំ២០២៧ទៅ ដាច់ខាត រថយន្តដឹកកម្មករ ត្រូវតែមានកៅអីអង្គុយ
Mao Sopha
17 តុលា 2024 05:30 AM

រាជធានីភ្នំពេញ៖ កិច្ចការសំខាន់មួយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់ធ្វើឱ្យបានឆាប់ គឺធ្វើឱ្យរថយន្តទាំងអស់ដែលដឹកកម្មករ-កម្មការិនី មានកៅអីសម្រាប់អង្គុយ ខណៈបច្ចុប្បន្ន រថយន្តដឹកកម្មករ-កម្មការិនីភាគច្រើនបំផុត មិនមានកៅអីឡើយ ហើយកម្មករ-កម្មការិនី ត្រូវឈរនៅរាល់ពេលធ្វើដំណើរតាមរថយន្តទៅធ្វើការ និងត្រឡប់ទៅផ្ទះវិញ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ អះអាងយ៉ាងដូច្នេះថា៖«សម្រាប់ខ្ញុំ កែប្រែឱ្យបាន រថយន្តដែលគ្មានកៅអីអង្គុយ ទៅជារថយន្តដែលមានកៅអីអង្គុយ អាចជាជម្រើសទីមួយ ដែលយើងត្រូវតែបង្ខំដាច់ខាត ត្រូវកែប្រែឱ្យបាននៅឆ្នាំ២០២៧»។ លោក ហេង សួរ បានប្រកាសអំពីគម្រោងកែប្រែរថយន្តគ្មានកៅអី ឱ្យមានកៅអី ក្នុងពិធីមួយនាពេលថ្មីៗនេះ ហើយលោកបានបង្ហោះវីដេអូដែលលោកឡើងថ្លែងសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ លើសពីនេះ លោក សង្កត់ធ្ងន់ថា មន្រ្តី ឬភាគីពាក់ព័ន្ធ ត្រូវតែពិនិត្យបច្ចេកទេសជាប់ជាប្រចាំលើរថយន្តដឹកកម្មករ-កម្មការិនី។ លោកលើកឡើងពីរឿងសំខាន់មួយទៀតថា ក្រោយពិភាក្សាគ្នាជាមួយក្រសួងការងារនាពេលកន្លងមក ភាគីថៅកែ ប្រហែលជានឹងត្រូវតម្រូវឱ្យទម្លាក់ថវិកាបន្ថែមទៅឱ្យម្ចាស់រថយន្តដឹកដឹកកម្មករ-កម្មការិនី ដើម្បីកែលម្អរថយន្តរបស់ខ្លួន និងបន្ថយចំនួនកម្មករ-កម្មការិនី ក្នុងរថយន្ត។

គេសង្កេតឃើញថា បច្ចុប្បន្ន រថយន្តដឹកកម្មករ-កម្មការិនី ភាគច្រើនមានភាពណែនណាន់តាន់តាប់ ដោយកម្មករ-កម្មការិនី ត្រូវឈរប្រច្រៀតគ្នា ព្រោះរថយន្តដឹកលើសចំនួនកំណត់។ ឧទាហរណ៍៖ រថយន្តខ្លះ អាចដឹកកម្មករ-កម្មការិនីបានត្រឹមតែ២៥ ទៅ៣០នាក់ តែបែរជាដឹកដល់ទៅ៥០នាក់។ មូលហេតុដែលដឹកលើសចំនួនបែបនេះ នោះក៏ព្រោះតែចង់ឱ្យការចំណាយលើការធ្វើដំណើរអស់តិច។ ផ្ទុយមកវិញ បើចំនួនកម្មករ-កម្មការិនី ធ្វើដំណើរតាមរថយន្ត ត្រូវបានកាត់បន្ថយ នោះការចំណាយលើការធ្វើដំណើរនេះ នឹងត្រូវកើនឡើង។

រថយន្តដឹកកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺនាពេលកន្លងមក។
រថយន្តដឹកកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺនាពេលកន្លងមក។

យ៉ាងណា លោក ហេង សួរ ពន្យល់ថា រថយន្តដឹកកម្មករ-កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មិនមែនបណ្តាលមកពីការដឹកកម្មករ-កម្មការិនីច្រើននោះទេ តែបណ្តាលមកពីអ្នកបើកបរ បើកខុសបច្ចេកទេស ឬខុសច្បាប់។ លោកបន្ថែមថា មូលហេតុផ្សេងទៀតដែលនាំឱ្យរថយន្តដឹកកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍ដែរនោះ រួមមាន ផ្ទុះកង់ ដាច់ហ្រ្វាំង និងបើកវ៉ាជែងជាដើម។ លោករដ្ឋមន្រ្តី អះអាងថា បើអ្នកបើកបរ បើកត្រឹមត្រូវតាមបច្ចេកទេស និងគោរពច្បាប់ ហើយកង់ និងហ្វ្រាំងរថយន្តមិនមានបញ្ហា នោះគ្រោះថ្នាក់ចរាចរណ៍ នឹងមិនកើតឡើងឡើយ ទោះដឹកមនុស្សច្រើនក៏ដោយ។ សូមរម្លឹកថា កាលពី៤-៥ឆ្នាំមុន គឺនៅក្នុង២០២០ រថយន្តដឹកកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍១២លើក ហើយកើនឡើងដល់២៤លើក នៅឆ្នាំ២០២៤..៕

អ្នកបើករថយន្តដឹកកម្មករ-កម្មការិនី ចូលរួមក្នុងកម្មពិធីអប់រំច្បាប់ចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ 
អ្នកបើករថយន្តដឹកកម្មករ-កម្មការិនី ចូលរួមក្នុងកម្មពិធីអប់រំច្បាប់ចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ 
រថយន្តដឹកកម្មករ-កម្មការិនី
រថយន្តដឹកកម្មករ-កម្មការិនី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត