
រាជធានីភ្នំពេញ៖ ធនាគារពិភពលោក តាមរយៈជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា កាលពីរសៀលថ្ងៃទី២៧កញ្ញា ឆ្នាំ២០២៣ បានលើកឡើងថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីជួយពង្រឹងជំនាញយុវជនកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ..។

ក្នុងជំនួនពិភាក្សាការងាររវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ម៉ារៀម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី ម៉ារៀម ស្ហឺរមែន បានអះអាងថា៖«ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព»។

ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជា តាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង «ជំនាញកម្ពុជា ដើម្បីការងារប្រសើរ»(Cambodia Skills for Better Jobs)ឱ្យទាន់ពេលវេលាកំណត់ ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្ដល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។

គួរដឹងដែរថាគម្រោង «ជំនាញកម្ពុជា ដើម្បីការងារប្រសើរ» គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន១,៥លាននាក់ មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះ ដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេស ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច៕




