
ចំណេះដឹងទូទៅ៖ បុណ្យខ្មោចហាឡូវីន (Halloween) គឺជាថ្ងៃបុណ្យដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ពោលគឺនៅថ្ងៃទី៣១ ខែតុលា ហើយបុណ្យខ្មោចហាឡូវីននៅឆ្នាំ២០២៤នេះ នឹងប្ររព្ធឡើងនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ខាងមុខនេះហើយ...។

តើអ្វីជាប្រវត្តិនៃពិធីបុណ្យខ្មោចហាឡូវីន..? មែនទែនទៅ ដើមកំណើតរបស់បុណ្យហាឡូវីន មានតាំងពីអរិយធម៌ Celti បុរាណមកម្ល៉េះ។ SBM News ចង់ជម្រាបអ្នកទាំងអស់គ្នាថា ប្រវត្តិជនជាតិ Celts រស់នៅកាលពី២០០០ឆ្នាំមុន ភាគច្រើននៅក្នុងតំបន់ដែលឥឡូវជាប្រទេសអង់គ្លេស ស្កុតឡែន វែល អៀរឡង់ អេស្ប៉ាញ និងភាគខាងជើងប្រទេសបារាំង បានប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ពួកគេនៅថ្ងៃទី១ ខែវិច្ឆិកា។ ថ្ងៃនោះជាថ្ងៃបញ្ចប់នៃរដូវក្ដៅ និងការប្រមូលផល និងការចាប់ផ្តើមនៃរដូវរងាដ៏ខ្មៅងងឹត ជាពេលវេលាមានមនុស្សស្លាប់ច្រើន។ ជនជាតិ Celts ជឿថា នៅយប់មុនចូលឆ្នាំថ្មី គឺជាចន្លោះរវាងពិភពនៃមនុស្សរស់ និងអ្នកស្លាប់ ដោយនៅយប់ថ្ងៃទី៣១ ខែតុលា ពួកគេបានប្រារព្ធពិធីបុណ្យ Samhain ព្រោះពួកគេជឿថា ដួងព្រលឹងនៃមនុស្សស្លាប់នឹងត្រឡប់មកចាប់កំណើតលើភពផែនដីវិញ។

ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ បូជាចារ្យ Druids បានដុតគប់ភ្លើងពិសិដ្ឋដ៏ធំសម្បើម ដែលប្រជាជនបានប្រមូលផ្តុំគ្នាដើម្បីដុតដំណាំ និងសត្វជាយញ្ញបូជាដល់អាទិទេពនៃអរិយធម៌ Celtic។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ ជនជាតិ Celts បានពាក់ក្បាលសត្វ និងស្បែកសត្វ ហើយព្យាយាមបួងសួងបន់ស្រន់ និងប្រាប់ពីសំណាងរបស់គ្នាទៅវិញទៅមក។ នៅពេលដែលការប្រារព្ធពិធីបានបញ្ចប់ ពួកគេបានដុតភ្លើងឱ្យឆេះឡើងវិញម្ដងទៀត ដើម្បីជួយការពារពួកគេក្នុងរដូវរងារខាងមុខ។ ចំណេរក្រោយមក ពិធីបុណ្យប្រពៃណី Samhain ក្នុងទំនៀមទម្លាប់សាសនា Celtic ត្រូវបានគេហៅថា All-Hallows Eve ហើយនៅទីបំផុតក៏មានឈ្មោះជា ហាឡូវីន ដល់សព្វថ្ងៃ។

គួរបញ្ជាក់ថា នៅដើមសតវត្សទី២០ ឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យយករបស់របរ និងអ្វីដែលគួរឱ្យភ័យខ្លាចចេញពីការប្រារព្ធពិធីបុណ្យហាឡូវីន និងបានផ្លាស់ប្ដូរពិធីនេះទៅជាបុណ្យកម្សាន្ត បរិយាកាសសប្បាយរីករាយ និងភាពអ៊ូអរទៅវិញ។ យ៉ាងណា បុណ្យខ្មោចហាឡូវីនតែងតែជាថ្ងៃបុណ្យមួយពោរពេញទៅដោយអាថ៌កម្បាំង វេទមន្ត អបិយជំនឿ និងគួរឱ្យរន្ធត់ ដោយបុណ្យនេះច្រើនតែពណ៌នាអំពីភាពគួរឱ្យខ្លាច និងសាហាវព្រឺព្រួច និងអបិយជំនឿដ៏គួរឱ្យខ្លាចជាច្រើន ជាពិសេសត្រូវជៀសវាងការឆ្លងផ្លូវជាមួយឆ្មាខ្មៅ ដោយខ្លាចថា ពួកវាអាចនាំសំណាងអាក្រក់មកដល់យើង ជៀសវាងការធ្វើឱ្យបែកកញ្ចក់ ជៀសវាងការបោះជំហានដើរលើស្នាមប្រេះនៅតាមផ្លូវ ឬកំពប់អំបិលជាដើម៕






