
រាជធានីភ្នំពេញ៖ មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង៣០គីឡូក្រាម កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន..។

របាយការណ៍ដដែលបង្ហាញថា ជនជាតិវៀតណាមទាំង៨នាក់ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នោះមានប្រុស៦នាក់ និងស្រី២នាក់ រួមមាន៖ ទី១.ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) អាយុ៣២ឆ្នាំ។ ទី២.ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) អាយុ២៩ឆ្នាំ។ ទី៣.ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) អាយុ៣១ឆ្នាំ។ទី៤.ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) អាយុ៣២ឆ្នាំ។ ទី៥.ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) អាយុ១៤ឆ្នាំ។ ទី៦.ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) អាយុ១៧ឆ្នាំ។ ទី៧.ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ និងទី៨.ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ។ ដោយបានបញ្ជូនរួមជាមួយវត្ថុតាងគ្រឿងញៀនដែលរួមមាន៖ ប្រភេទមេតំហ្វេតាមីន (MDMA), ប្រភេទមេតំហ្វេតាមីន(ICE) និងប្រភេទកេតាមីន (KETAMINE) សរុបទម្ងន់១០គីឡូនិង៨១៧,៥១ក្រាម ព្រមទាំងសារធាតុគីមីផ្សំ ទម្ងន់សរុប ៣០គីឡូនិង៧៤៩ក្រាមផងដែរ។

គួរជម្រាបថា ជនជាតិវៀតណាមទាំងនោះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅរួមមាន៖ គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គោលដៅទី២ នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និង គោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕





