
រាជធានីភ្នំពេញ៖ ក្បាលម៉ាស៊ីនដឹកនាំមណ្ឌលកែប្រែទី១ ឬម១ នៃពន្ធនាគារព្រៃស នឹងមិនអាចឈរជើងបានទៀតឡើយ ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានពិភាក្សាគ្នា និងសម្រេចថា នឹងដកពួកគេចេញ។ ការរុះរើរចនាសម្ព័ន្ធដឹកនាំ ម១ គឺកើតឡើងក្រោយពីបែកធ្លាយវីដេអូខ្លី បង្ហាញពីសកម្មភាយ៉ាងអនាធិបតេយ្យរបស់អ្នកជាប់ឃុំមួយក្រុម ដែលទំនងជាជនជនចិន បាននាំគ្នាផឹកស៊ី ច្រៀង រាំ និងអមដោយការចាក់ចម្រៀងទៀតផង នៅក្នុង«ម១»នេះ មើលទៅដូចជាពិធីជប់លៀង...។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានឃើញវីដេអូនេះដែរ។ មិនទុកយូរ សម្តេច ប្រញាប់ជជែកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ភ្លាម ហើយក៏ណែនាំឱ្យលោករដ្ឋមន្រ្តីស្រាវជ្រាវករណីនេះ។ ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០ ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ ប្រមុខរាជរដ្ឋាភិបាល ប្រកាសជាសាធារណៈយ៉ាងដូច្នេះថា៖«[១៤តុលា] ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ហើយខ្ញុំឯកភាព គឺពង្រឹង[ម១]នេះ តាមរយៈការផ្លាស់ប្ដូររចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំតែម្ដង»។ បន្ថែមពីនេះ សម្តេច បានប្រាប់ទៅស្ថាប័នពាក់ព័ន្ធថា ត្រូវពង្រឹងសន្តិសុខ និងកែទម្រង់ពន្ធនាគារនៅកម្ពុជា។ គេឃើញ លោក ផែង វណ្ណៈ ម្ចាស់ទំព័រហ្វេសប៊ុក Pheng Vannak News បង្ហោះវីដេអូខាងលើមុនគេ កាលពីពីរបីថ្ងៃមុន។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ (ផ្កាយ២) ម៉ុង ម៉េងអ៊ន់ គឺជាអ្នកគ្រប់គ្រង«ម១»នេះ៕





