
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រទី១១ ខែតុលាថា កូរ៉េខាងជើង បានប្រារព្ធខួបនៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចជាមួយនឹងការប្រគំតន្ត្រីអបអរសាទរ និងពិធីជប់លៀង ហើយមេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបណ្តុះបណ្តាលជាថ្មីនូវប្រជាជនទាំងអស់ទៅជាបដិវត្តន៍ដែលប្រកាន់យកលទ្ធិកុម្មុយនីស្ដ។

ព្រឹត្តិការណ៍នេះ មានលក្ខណៈតូចតាចបើធៀបនឹងឆ្នាំមុនៗ ដែលកូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ សម្ញែងសព្វាវុធចុងក្រោយបង្អស់របស់ខ្លួន និងជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិន។ លោក គីម បានសរសើរគណបក្សពលករកូរ៉េ (WPK) ថាជាគណបក្សកាន់អំណាចយូរជាងគេបំផុតក្នុងពិភពលោក ដោយបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការយកឈ្នះលើការលំបាកដែលមិនធ្លាប់មានពីមុនមក និងកសាងប្រទេសដ៏មានឥទ្ធិពលមួយ ដែលរារាំងការគំរាមកំហែងពីកងកម្លាំងខាងក្រៅ។ ក្នុងសាររំលឹកដ៏វែងមួយ លោក គីម បានលើកឡើងថា កូរ៉េខាងជើងប្រឈមមុខនឹងបញ្ហាទាំងពីខាងក្នុង និងខាងក្រៅ ហើយបាននិយាយថា គណបក្សត្រូវតែនាំមុខក្នុងការសម្រេចបាននូវជ័យជម្នះកុម្មុយនីស្ដបដិវត្តន៍។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ប្រជាជនត្រូវហ្វឹកហាត់ខ្លួនឯងតាមមនោគមវិជ្ជា និងបណ្តុះវិន័យបក្សចំពេលមានការរិះគន់ និងស្ថានភាពលំបាក។ ភាពជោគជ័យនៃការងាររបស់កម្មករទៅជាបដិវត្តន៍កុម្មុយនីស្ដពិតប្រាកដ ដែលប្រកាន់យកនូវមនោគមវិជ្ជា និងស្មារតីនៃការបង្កើត គឺពឹងផ្អែកយ៉ាងធំធេងទៅលើតួនាទីរបស់អង្គការបក្ស»។ លោក គីម បានចូលរួមការសម្ដែងនៅសាលាបណ្តុះបណ្តាលកម្មាភិបាលកណ្តាល ហើយបានចូលរួមក្នុងពិធីជប់លៀង ដែលស្វាគមន៍ថ្ងៃដ៏សំខាន់រំលឹកប្រវត្តិសាស្ត្រនៃការគ្រប់គ្រងរយៈពេល៧៩ឆ្នាំ។ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា លោក គីម បានទៅចូលរួមពិធីជប់លៀងជាមួយកូនស្រីរបស់លោក ដោយមានរថយន្តម៉ាក Aurus របស់រុស្ស៊ីនៅខាងក្រោយ ទំនងជារថយន្តមួយដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ឱ្យលោក គីម ជាអំណោយ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora ត្រូវបានលើកឡើងយ៉ាងលេចធ្លោ ក្នុងនាមជាភ្ញៀវរបស់លោក គីម ដោយបានគូសបញ្ជាក់អំពីការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕




