
រាជធានីភ្នំពេញ៖ ឱ្យតែមានវត្តមានក្នុងកិច្ចប្រជុំអន្តរជាតិម្ដងៗ តំណាងកម្ពុជា ដោយរាប់ទាំងថ្នាក់ដឹកនាំ ទាំងមន្រ្តីសឹងគ្រប់កម្រិត មិនដែលចោលឡើយពីការលើកឡើងនូវពាក្យ «សន្តិភាព»។ នេះក៏ព្រោះតែថ្នាក់ដឹកនាំ និងមន្រ្តីកម្ពុជា ដិតដាមក្នុងចិត្តពីក្តីវិនាសហិនហោចដោយសារសង្គ្រាមដែលកម្ពុជាធ្លាប់ជួប ហើយយល់ថា ដោយសារមានសន្តិភាព ទើបកម្ពុជាបានលូតលាស់ឡើងវិញដូចសព្វថ្ងៃ។ ក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ដែលប្រព្រឹត្តទៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ភាគីកម្ពុជា បានផ្ញើសារខ្លះជុំវិញតម្លៃសន្តិភាពនេះទៅកាន់អ្នកចូលរួម។

«ជាក្ដីព្រួយបារម្ភ! យុវជននៅតាមតំបន់មួយចំនួននៃពិភពលោក បានចាប់ផ្តើមគិតថា សន្តិភាពជារឿងធម្មតា»។ នេះគឺជាសារពញ្ញាក់អារម្មណ៍របស់លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលសំដៅជាពិសេសទៅកាន់យុវជនក្នុងតំបន់អាស៊ាន ដើម្បីឱ្យពិចារណា។ លោកសង្កត់ធ្ងន់ថា កត្តាទាំងនេះ គួរតែជាក្ដីកង្វល់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់គ្នា។ បើតាមសម្តីរដ្ឋមន្រ្តីការបរទេសកម្ពុជាដដែល គ្រប់ភាគី ត្រូវរួមគ្នាការពារ និងថែរក្សាសន្តិភាពដែលមានស្រាប់ ប្រសើរជាងការកសាងសន្តិភាព ដែលបានបាត់បង់រួចទៅហើយ។ លោកបន្តថា បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏ផុយស្រួយ ព្រោះជម្លោះប្រដាប់អាវុធ នៅតែបន្តកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង។

លោកឧបនាយករដ្ឋមន្រ្តី នៅដាស់តឿនទៀតថា យុវជនគួរចៀសវាងទង្វើ ឬការបញ្ចេញមតិបែបជ្រុលនិយម ដែលអាចបណ្តាលឱ្យមានការបែកបាក់គ្នារវាងប្រជាជន និងសហគមន៍។ ផ្ទុយមកវិញ លោកណែនាំឱ្យយុវជនមានការទទួលខុសត្រូវ និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវឱកាសដែលរដ្ឋាភិបាលខ្លួនផ្តល់ឱ្យ ដើម្បីរីកចម្រើនខ្លួនឯងផង និងដើម្បីរីកចម្រើនសង្គមជាតិផង។ លើសពីនេះ លោកយល់ថា យុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិមិត្ត (AI) ជាដើម ដើម្បីជំរុញការផ្លាស់ប្ដូរ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមកំពុងជួបប្រទះ។

ខ្លឹមសារនៃជំនួបជាមួយតំណាងយុវជនអាស៊ានខាងលើ និងប្រសាសន៍របស់លោក សុខ ចិន្តាសោភា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោក ហង់ជួន ណារ៉ុន ជារដ្ឋមន្រ្តីអប់រំ។ តំណាងយុវជនអាស៊ាន បានដាក់សេចក្តីថ្លែងការណ៍មួយជូនថ្នាក់ដឹកនាំអាស៊ាន ដោយក្នុងសេចក្តីថ្លែងការណ៍នោះ ផ្តោតលើបញ្ហាមួយចំនួនរបស់យុវជន រួមមាន៖ សុខភាព, ការអប់រំ, ឱកាសការងារ, ការចូលរួម, និងប្រព័ន្ធគាំពារសង្គម ជាអាទិ៍។ ក្នុងជំនួបនេះ ក៏មានវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានបង្ហោះសារអ្វីវែងឆ្ងាយឡើយ ដោយគ្រាន់តែបង្ហោះរូបបីបួនសន្លឹក និងសារខ្លីថា ចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន។ សូមបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ចាប់ផ្តើមមានវត្តមានក្នុងរដ្ឋធានីវៀងចន្ទន៍ តាំងពីថ្ងៃទី៨ ខែតុលាមក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយនឹងត្រូវធ្វើមាតុភូមិវិញ នៅថ្ងៃទី១១ ខែតុលា៕



