សម្ដេច ស ខេង ៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវជាច្រើននេះ មិនមែនសម្រាប់បុគ្គល បក្ស ឬក្រុមណានោះទេ
R
Rorn Phork
12 មេសា 2022 12:00 PM

ព្រៃវែង៖ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែងកាលពីថ្ងៃទី១១ មេសា នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវជាច្រើននេះ គឺ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ មិនមែនសម្រាប់បុគ្គល បក្ស ឬក្រុមណានោះទេ។

សម្ដេចក្រឡាហោម បានឱ្យដឹងថា ព្រោះហេតុដូច្នេះទើបបានរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សបានខិតខំគាំទ្រការស្ថាបនាផ្លូវ និងស្ពានជូនប្រជាពលរដ្ឋប្រើប្រាស់។ សមិទ្ធផលដែលកើតមានឡើងជាបន្តបន្ទាប់ដូចដែលប្រជាពលរដ្ឋឃើញសព្វថ្ងៃ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ច និងសង្គមរីកចម្រើន។ សម្ដេចបានសង្កត់ធ្ងន់ថា ឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។

សម្ដេចបន្តថា មានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជាការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាសឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជាការខិតខំឱ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាដើម។ សម្ដេចបន្ថែមថា មកដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅមិនទាន់មើលឃើញកោះត្រើយនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត