UPFស្នើសុំយោបល់ពីសម្តេច ហ៊ុន សែន ដើម្បីជំរុញឲ្យស្ថាប័នខ្លួនស្វែងរកសន្តិភាពសម្រាប់ពិភពលោក
SoKeng
04 មិថុនា 2022 03:00 PM

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី៤ ខែមិថុនា ឯកឧត្តមបណ្ឌិត យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF)​បានសុំទស្សនៈ​របស់សម្តេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យសម្ព័ន្ធសន្តិភាពសកល ដើរតួនាទីកាន់តែសំខាន់ ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។

ឯកឧត្តមបណ្ឌិត Yun Young Ho អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) បានអបអរសាទរចំពោះសម្តេចដែលកន្លងមកបានទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ក្នុងប្រទេសកូរ៉េ​​។ ពានរង្វាន់សន្តិភាពស៊ុនហាក់ដែលសម្តេចទទួលបាននេះ គឺបានធ្វើឲ្យពិភពលោកស្ងប់ស្ងែងនឹងសម្តេចជាខ្លាំង។

អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងដូច្នេះថា៖«សម្តេចតេជោបានឆ្លងកាត់ និងជំនះនូវរាល់បញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាមផ្ទៃក្នុង នាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ប្រទេសមួយមានជាតិសាសន៍តែមួយ វប្បធម៌តែមួយ មិនតែប៉ុណ្ណោះនាំជូនប្រជាជនកម្ពុជា នូវស្ថេរភាព និងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ពិសេសការជំនះបាននូវរាល់ឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត»

ដោយសារតែមើលឃើញពីការដឹកនាំរបស់សម្តេចដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងមានសុខសន្តិភាពបែបនេះ អគ្គនាយកសហព័ន្ធសន្តិភាពសកលបានសុំនូវទស្សនៈរបស់សម្តេចតេជោដើម្បីឲ្យសម្ព័ន្ធសន្តិភាពសកលរបស់ខ្លួន ដើរតួនាទីកាន់តែសំខាន់ ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។

សម្តេចតេជោបានឆ្លើយតបទៅឯកឧត្តមបណ្ឌិត Yun Young Ho អគ្គនាយកសហព័ន្ធសន្តិភាពសកលថា គួរគួប្បីមានការជួបជុំគ្នារវាងឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃធ្វើការសម្របសម្រួល ធ្វើការជាមួយអង្គការផ្សេងៗ លើបញ្ហាសន្តិភាព មិនសម្រាប់តែអាស៊ីប៉ាស៊ីហ្វីកទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោក ក្នុងពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត