ឧកញ៉ា ម៉ុង ឫទ្ធី៖ កុំចាំដល់ពេលឪពុកម្តាយស្លាប់ទើបសង់ចេតិយ ត្រូវសាងសង់ផ្ទះទាន់ពេលលោកនៅរស់
SoKeng
08 កុម្ភៈ 2022 02:00 AM

ភ្នំពេញ៖ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​ម្ចាស់ក្រុមហ៊ុន​វិនិយោគ​លើ​​វិស័យ​កសិកម្ម​ និងកសិ-ឧស្សាហកម្មដែលមានសក្តានុពលនៅកម្ពុជាចង់ឃើញកូនប្រុសស្រីទាំងអស់បង្ហាញការដឹងគុណដល់ឪពុកម្តាយនៅពេលលោកនៅរស់រានមានជីវិត ជាជាងដឹងគុណពួកគាត់នៅពេលចែកឋានទៅហើយ។ ឧកញ៉ាបានថ្លែងបែបនេះនៅក្នុងពិធីនាំទេយ្យទាន និងចង្ហាន់បិណ្ឌបាតមកប្រគេនព្រះសង្ឃក្នុងវត្តគល់ទទឹងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ឧកញ៉ា ម៉ុង ឫទ្ធីដែលជាសមាជិកព្រឹទ្ធសភា បានកត់សម្គាល់ថា កូនប្រុសស្រីមួយចំនួនបានបង្ហាញការដឹងគុណ និងធ្វើបុណ្យដល់ឪពុកម្តាយ និងសាច់ញាតិដែលបានចែកឋានទៅតាមរយៈការកសាងចេតិយនៅក្នុងវត្តដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធច្រើនជាងធ្វើបុណ្យដល់អ្នកមានគុណនៅពេលលោកនៅមានជីវិត។  

សេដ្ឋីផ្នែកកសិកម្មស្រុកខ្មែរដ៏ល្បីល្បាញរូបនេះដែលធ្លាប់បួសជាព្រះសង្ឃគង់នៅវត្តនាគវ័ន្តរយៈពេល៥វស្សាបាននិយាយផ្តែផ្តាំទៅកូនប្រុសស្រីដូច្នេះថា៖«ខ្ញុំចង់ឲ្យធ្វើម៉េច កុំឲ្យសាងសង់ចេតិយច្រើនពេក កូនចៅដែលចង់សងគុណឪពុកម្តាយ ជីដូនជីតា គួរតែរកផ្ទះសមរម្យឲ្យគាត់នៅពេលគាត់នៅរស់ទៅ ល្អជាជាងធ្វើចេតិយឲ្យលោកអ្នកមានគុណ។ ចង់ឲ្យឱវាទទាំងអស់ ដឹងគុណអ្នកមានគុណពេលនៅរស់ ច្រើនជាងស្លាប់ ពីព្រោះស្លាប់ គឺគ្រាន់តែឧទ្ទិសទេ មិនដឹងថាឧទ្ទិសដល់ ឬមិនដល់ទេ។ សូមធ្វើបុណ្យឲ្យគាត់នៅពេលគាត់នៅរស់ សូមធ្វើឲ្យបានច្រើនតាមតែអាចធ្វើបាន»

ព្រះគ្រូ ភិក្ខុវជិរប្បញ្ញោ សាន សុជា ចៅអធិការវត្ត មណីរតនារាម ខេត្តពោធិ៍សាត់ មានសង្ឃដីកាថា ចេតិយគឺមិនមែនគ្រាន់តែជាទីដែលដាក់ធាតុអ្នកស្លាប់សម្រាប់គោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់តែមួយមុខនោះទេ គឺសំដៅទៅដល់វត្ថុជាទីគោរពសកា្ករៈ​ សម្រាប់ឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធ។  

ភិក្ខុវជិរប្បញ្ញោ សាន សុជា ចៅអធិការវត្ត មណីរតនារាម ខេត្តពោធិ៍សាត់
ភិក្ខុវជិរប្បញ្ញោ សាន សុជា ចៅអធិការវត្ត មណីរតនារាម ខេត្តពោធិ៍សាត់

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា មានសង្ឃដីថា៖«ការដាក់ចេតិយក្នុងវត្តគឺអត់ល្អ អាត្មាគិតថា ការដាក់ចេតិយក្នុងវត្តគឺពាក់ព័ន្ធនឹងវិន័យដែលយើងយកទៅដាក់លើដីសង់នោះ។ ដីហ្នឹងគេបានប្រគេនសង់ កាលណាគេវេចំពោះសង្ឃ មិនមែនសម្រាប់សង្ឃ្រាជ បើកាត់ដីឲ្យសង្ឃ្រាជហ្នឹងមានទោសទៀត។ ចេតិយបើសង់ គឺសង់គ្រប់កាល អត់អាចលក់បាន និងឲ្យបាន។ ប្រសិនមានដីកន្លែងផ្សេងគឺល្អវិញ»

«ម្តាយឪពុកនៅហូបបាន កូនចៅប៉ុន្មានមិននឹកនរ យកបាយ ម្ហូបនំ ម្ហូបសម្ល មិនមានត្រេកអរបូជាឡើយ»។ នេះជាសង្ឃដីការបស់ចៅអធិការវត្តមណីរតនារាម ដែលផ្តែផ្តាំឲ្យកូនប្រុសស្រីធ្វើបុណ្យឪពុកម្តាយទាន់លោកទាំងពីរនៅរស់រានមានជីវិត។ បើតាមចៅអធិការវត្ត មណីរតនារាម ការយកធាតុឪពុកម្តាយដាក់វត្តគឺមិនមែនជាជម្រើសដ៌ល្អប៉ុន្មានឡើយ។ ព្រះអង្គបានពន្យល់ថា៖«ដល់ពេល(ឪពុកម្តាយស្តាប់ យកធាតុដាក់វត្តឲ្យស្តាប់ធម៌។ ខ្មោចឯណាចេះស្តាប់..។ កាលលោករស់ បែកក្រដាសត្រចៀក ស្តាប់មិនបានផង។ ចុះទម្រាំតែស្លាប់ទៀត»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត