តស់..មកស្គាល់ប្រទេសទាំង១០ ដែលមានយន្តហោះចម្បាំងច្រើនបំផុតនៅទ្វីបអាស៊ី
ហៀប ស៊ីថេត
11 តុលា 2024 01:45 AM

ទ្វីបអាស៊ី៖ ពិភពលោក កំពុងធ្លាក់ផុងខ្លួនក្នុងការរត់ប្រណាំងសព្វាវុធ ស្របពេលដែលការរះឡើងនៃឥទ្ធិពលរបស់មហាអំណាចក្នុងតំបន់ និងជម្លោះភូមិសាស្ត្រនយោបាយកាន់តែច្រើនឡើង។ ទ្វីបអាស៊ី គឺជាជម្រកសម្រាប់កងកម្លាំងទ័ពអាកាសដ៏ធំបំផុតនៅក្នុងពិភពលោក។ តើប្រទេសនៅទ្វីបអាស៊ីណាខ្លះ មានយន្តហោះចម្បាំងច្រើនជាងគេ..?

ដើម្បីចង់ដឹងច្បាស់ SBM News សម្រង់យកប្រទេសចំនួន១០ ដែលមានយន្តហោះចម្បាំងច្រើនបំផុតនៅអាស៊ី មកជម្រាបជូនលោកអ្នកនាងបានជ្រាប៖ យោងតាមទិន្នន័យពីគេហទំព័រ Global Firepower គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ នាគរាជចិននាំមុខគេ ជាប្រទេសមានយន្តហោះចម្បាំងច្រើនបំផុតនៅទ្វីបអាស៊ី ជាមួយនឹងយន្តហោះចម្បាំងចំនួន១៥០០គ្រឿង ខណៈរដ្ឋធានីប៉េកាំងកំពុងសម្ថែងមហិទ្ធិឫទ្ធិដែនអាកាសដ៏គួរឱ្យគ្រោះថ្នាក់បំផុត។ បន្ទាប់មកគឺ ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរឥណ្ឌា ជាប់​ចំណាត់​ថ្នាក់​លេខ២ ជាមួយ​នឹង​យន្តហោះចម្បាំងចំនួន៨០០គ្រឿងក្នុងដៃ ហើយប្រទេសដែលមានប្រជាជនច្រើនជាងគេមួយនេះ កំពុងខ្នះខ្នែង​ពង្រឹង​ខែល​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពី​ប្រទេស​ជិត​ខាង។ ចំណាត់ថ្នាក់ទី៣ គឺសាធារណរដ្ឋ​អ៊ិស្លាម​ប៉ាគីស្ថាន មានយន្តហោះចម្បាំងចំនួន៤៥០គ្រឿង ជាសក្ខីភាពនៃការការពារដែនអាកាសដ៏រឹងមាំរបស់ខ្លួន។

ដោយឡែក កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយនឹងយន្តហោះចម្បាំងចំនួន ៤០០គ្រឿង ខណៈប្រទេសនេះកំពុងផ្តោតលើការយកចិត្តទុកដាក់លើផ្នែកសន្តិសុខក្នុងតំបន់ ជាពិសេស ភាពតានតឹងកំពុងបន្តដ៏ស្រួចស្រាវជាមួយបងប្អូនរួមពូជត្រកូលកូរ៉េតែមួយ (កូរ៉េខាងជើង)។ ចំណាត់ថ្នាក់ទី៥ ធ្លាក់ក្នុងកណ្តាប់ដៃ អតីតខ្លាកំណាចជំនាន់សង្គ្រាមលោក(ជប៉ុន​​​) ដែល​មាន​យន្តហោះ​ចម្បាំងចំនួន៣៥០គ្រឿង​ ស្របពេលប្រទេសកោះនេះ មាន​បច្ចេកបច្ចេកវិទ្យា​យោធាដ៏ទំនើប ​និង​យុទ្ធសាស្ត្រ​ការពារ​ជាតិដ៏រឹងមាំ។

កោះតៃវ៉ាន់ ​ស្ថិតនៅចំណាត់ថ្នាក់លេខ៦ មាន​យន្តហោះចម្បាំងចំនួន ៣០០​គ្រឿង។ កោះនេះកំពុងព្យាយាមអភិវឌ្ឍខ្លួន ដើម្បីទប់ទល់ឥទ្ធិពលនាគរាជអាស៊ី[ចិន] ដែលកំពុងចិញ្ចឹមចិត្តត្រួតត្រាខ្លួន។ ចំណាត់ថ្នាក់លេខ៧ បានធ្លាក់ទៅលើដៃបងធំតំបន់មជ្ឈិមបូព៌ា គឺអ៊ីរ៉ង់​ ដោយមាន​យន្តហោះចម្បាំងចំនួន ២០០​គ្រឿងគួរឱ្យចាប់អារម្មណ៍ណាស់! ​ប្រទេសជាប់របងព្រំដែនកម្ពុជាទាំងពីរ គឺប្រទេសថៃ​ ជាប់ចំណាត់ថ្នាក់លេខ៨ មាន​យន្តហោះ​១៧០​គ្រឿង និងប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៩ មានយន្តហោះចម្បាំង១១០គ្រឿង។ ទន្ទឹមគ្នានោះ បងធំអាស៊ាន[ឥណ្ឌូណេស៊ី] មានយន្តហោះចម្បាំង ១១០គ្រឿងស្មើនឹងវៀតណាមផងដែរ។ គួរបញ្ជាក់ថា ចំណាត់ថ្នាក់នេះ បង្ហាញពីការរះឡើងយ៉ាងលឿនស្លេវក្នុងសមត្ថភាពទ័ពអាកាសនៅទូទាំងទ្វីបអាស៊ី ខណៈប្រទេសជាច្រើនកំពុងធ្វើទំនើបកម្មកងទ័ពអាកាស សព្វាវុធ និងសមត្ថភាពកម្លាំងយោធាទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត