ទ្រាំលែងបាន សម្តេចតេជោ ហ៊ុន សែន លេងធម៌ក្ដៅជាមួយលោក លី សាម៉េត
Mao Sopha
•
07 តុលា 2024 05:48 PM

រាជធានីភ្នំពេញ៖ លើទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើឱ្យកម្លាំងសមត្ថកិច្ចតាមឃ្លាំមើល លោក លី សាម៉េត ដែលមានងារជាឯកឧត្តមបណ្ឌិតផង និងជាឧកញ៉ាផងនោះ កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់។ សម្តេចសម្រេចចិត្តចាត់ការលោក លី សាម៉េត ដោយបើកចំហបែបនេះ ក៏ព្រោះតែលោក លី សាម៉េត បង្ករឿងដល់សម្តេចច្រើនពេក ដូចជា បោកយកប្រាក់គេ ជាដើម ហើយដើរនិយាយថា យកប្រាក់នោះទៅជូនសម្តេចថែមទៀត។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ថែមទាំងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ចេញដីកាការពារទ្រព្យសម្បត្តិរបស់លោក លី សាម៉េត ទុកសងដល់អ្នកចាញ់បោកលោក។ សម្តេចជំរុញឱ្យអ្នកដែលចាញ់បោកលោក លី សាម៉េត ដាក់ពាក្យប្តឹង ហើយសម្តេចប្រាប់ទៅក្រុមមេធាវីរបស់សម្តេច ឱ្យត្រៀមខ្លួនចាំទទួលពាក្យបណ្តឹងទាំងនោះ។ បើតាមសារលើទំព័រហ្វេសប៊ុករបស់សម្តេច កាលពីឆ្នាំ២០២២ លោក លី សាម៉េត បោកប្រាស់បុគ្គលម្នាក់បានប្រាក់១០លានដុល្លារ ហើយអះអាងថា យកជូនសម្តេច ដោយពេលនោះ លោកក៏ត្រូវនាំខ្លួនទៅសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានទាមទារយកប្រាក់ឱ្យបុគ្គលខាងនោះវិញ។

រឿងមិនទាន់ចប់នោះទេ។ ប៉ុន្មានថ្ងៃថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក លី សាម៉េត ឱ្យសងប្រាក់២៣ម៉ឺនដុល្លារទៅបុគ្គលម្នាក់ផ្សេងទៀត។ បន្ទាប់មក សម្តេច ក៏ទទួលព័ត៌មានតាមក្រោយទៀតថា លោក លី សាម៉េត បានយកប្រាក់៣០ម៉ឺនដុល្លារពីអភិបាលស្រុកល្វាឯម ដើម្បីរត់ការបាន[ទៅកាន់]តំណែងជាអភិបាលក្រុងអរិយក្សត្រ។ សម្តេច អះអាងថា អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកលោក លី សាម៉េត ក្រោមរូបភាពយកឈ្មោះសម្តេចទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះ ជាមួយលោក លី សាម៉េត សម្តេច ត្រូវប្រើវិធី «ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង» ដូច្នេះ សម្តេច ក៏ដាក់ចេញសំណើខាងលើតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត