នាយក​រដ្ឋមន្ត្រី​ថៃ​អះអាងថា អាស៊ាន​ត្រូវ​តែ​ដើរ​តួនាទី​ស្នូលដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា
ហៀប ស៊ីថេត
07 តុលា 2024 12:00 PM

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងនៅថ្ងៃចន្ទទី៧តុលា មុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ ក្នុងសប្តាហ៍នេះថា អាស៊ានត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដែលកំពុងអូសបន្លាយក្នុងប្រទេសមីយ៉ាន់ម៉ា...។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា

លោក ផែថងថាន បាន​ប្រាប់​ព្រឹត្តិការណ៍​មួយ​ក្នុង​រាជធានី​បាងកក​ថា៖«អាស៊ាន​ត្រូវ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​នាំ​សន្តិភាពសម្រាប់ប្រទេស​មីយ៉ាន់ម៉ា​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។ លោកស្រីបានបន្ថែមថា ប្រទេសថៃនឹងធ្វើការជាមួយម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំក្រោយ ដើម្បីប្រើប្រាស់មធ្យោបាយការទូតដោះស្រាយជម្លោះ ដោយផ្តល់ឱ្យថៃដើរតួជាអ្នកសម្របសម្រួល ដើម្បីបើកកិច្ចចរចា។ កិច្ចខិតខំប្រឹងប្រែងសន្តិភាពដោយសមាជិកទាំង១០ប្រទេស មានការវិវឌ្ឍន៍តិចតួចចាប់តាំងពីការបើកបង្ហាញឱ្យមីយ៉ាន់ម៉ា អនុវត្តក្នុងខែមេសា ឆ្នាំ២០២១ បើទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀតឱ្យមានកិច្ចចរចារក៏ដោយ។

គួរជម្រាបថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត បង្កឱ្យមានការតវ៉ាបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច។ ជម្លោះ​ដ៏​ចម្រូងចម្រាស​នៅមីយ៉ាន់ម៉ា បាន​បន្សល់​ទុក​មួយ​ភាគ​បី​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ចំនួន៥៥​លាន​នាក់ ​ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌។ គួរបញ្ជាក់ថា អាស៊ាននៅតែបន្តរារាំងថ្នាក់ដឹកនាំរបបយោធាពីកិច្ចប្រជុំកំពូលរបស់ខ្លួន ជុំវិញការខកខានក្នុងការអនុវត្តតាមផែនការសន្តិភាពដែលអាស៊ានបានព្រមព្រៀងដំបូង។ កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ី បានរៀបចំកិច្ចប្រជុំអន្តរជាតិមួយដែលមានការចូលរួមពីអង្គការសហប្រជាជាតិ និងគូប្រជែងរបបយោធាមីយ៉ាន់ម៉ាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត