
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានសាលាបឋមសិក្សា និងវិទ្យាល័យ ចំនួន៤ទីតាំង ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបឆ្នាំ២០២៤ ស្ថិតនៅរាជធានីភ្នំពេញ កំពុងរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤…។

ក្រសួងបានឱ្យដឹងថា មណ្ឌលប្រឡងទាំង៤ដែលរងការជន់លិចនេះរួមមាន៖ វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន, វិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី, សាលាបឋមសិក្សាភ្នំពេញថ្មី, និងវិទ្យាល័យឫស្សីកែវ។ យ៉ាងណា ដើម្បីឆ្លើយតប និងជាដំណោះស្រាយចំពោះបញ្ហានេះ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងដាក់រថយន្តបូមទឹក កាយប្រឡាយ ចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ច្រកបាវខ្សាច់ លើកផ្លូវក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង ពោលគឺធ្វើយ៉ាងណាដោះស្រាយសម្រួលដល់ការធ្វើដំណើរ របស់បេក្ខជនចូលរួមការប្រឡងធានាឱ្យបាន១០០ភាគរយ។ ក្រសួងអះអាង បន្ថែមថា ទោះបីជាមណ្ឌលខាងលើបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ចាត់ចែងដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មការរៀបចំការប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡងប្រកបដោយភាពប្រក្រតី។

គួរជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨តុលា ឆ្នាំ២០២៤ នឹងត្រូវប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។ ការប្រឡងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា ដោយមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់។ សម្រាប់មណ្ឌលសំណេរសរុប២៣០មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៧៣មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន១៥៧មណ្ឌល៕








