
បទយកការណ៍៖ ពេលព្រឹកព្រលឹមស្រាងៗ នៅរៀងរាល់រដូវនេសាទសត្វ «គី» ឬ «កំពឹសសមុទ្ទ» ចន្លោះពីខែកក្កដា ដល់ខែកញ្ញា បងប្អូនប្រជានេសាទក្នុងសហគមន៍នេសាទជ្រោយស្វាយ បាននាំគ្នាចុះទូកធ្វើដំណើរឆ្ពោះទៅកាន់សមុទ្ទ ដើម្បីនេសាទសត្វប្រភេទនេះយកមកកែច្នៃធ្វើជា «កាពិ» ទុកប្រើប្រាស់ជាអាហារប្រចាំថ្ងៃផង និងផលិតទុកសម្រាប់លក់ជូនអតិថិជនទីជិតឆ្ងាយផង...។

អ្នកស្រី ឈុន គឺមយាន ប្រជាសហគមន៍នេសាទជ្រោយស្វាយ បានឱ្យដឹងថា អ្នកស្រីមានស្វាមីឈ្មោះ ហួង ខៀន មានមុខរបរជាអ្នកនេសាទត្រី នៅលើលម្ហសមុទ្ទជាលក្ខណៈគ្រួសារ ដូចជា៖ ស្ទូចបបែល ដាក់លបចាប់ក្តាម បង្គា ត្រី និងឱ្យតែដល់រដូវនេសាទសត្វ «គី» ឬអ្នកខ្លះហៅថា «កំពឹសសមុទ្ទ» ស្វាមីអ្នកស្រី និងអ្នកភូមិឯទៀត តែងតែនាំគ្នាចុះទូកធ្វើដំណើរទៅតំបន់សមុទ្ទឆ្ងាយៗដូចជា តំបន់តារាសាគរ តំបន់កៀនទឹក ឬសមុទ្ទប៉ាក់ខ្លង ជាដើម ដោយប្រើឧបករណ៍ម្យ៉ាងដែលគេហៅថា «ឈឹប» ធ្វើពីស្បៃមុងនីឡុង និងមានដងធ្វើពីដើមឫស្សីពីរដើម សម្រាប់រុញអូស។ អ្នកស្រីបន្តថា ក្នុងមួយរដូវ គេអាចដង «គី» បានតែម្ដងប៉ុណ្ណោះ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ព្រោះសត្វសមុទ្ទមួយប្រភេទនេះ ក្នុងមួយឆ្នាំចុះតែមួយខែ ឬពីរខែហ្នឹងប៉ុណ្ណោះ បើយើងចាប់មិនទាន់ទេ វាឡើងគោកងាប់ចោលអស់មិនខាន ហើយយើងត្រូវបន្តរង់ចាំដល់ឆ្នាំក្រោយទៀត ទើបអាចនេសាទបាន។

អ្នកស្រី ឈុន គឺមយាន ឱ្យដឹងបន្តថា អ្នកស្រីមិនធ្លាប់ចេញទៅនេសាទ «គី» នៅលើលម្ហសមុទ្ទជាមួយស្វាមីឡើយ ព្រោះជាប់រវល់នៅមើលថែទាំកូនតូចៗនៅឯផ្ទះ ប៉ុន្តែ ការនេសាទ «គី» នេះ អ្នកស្រីដឹងខ្លះៗដែរ ព្រោះធ្លាប់ដងកាលពីនៅក្មេង។ ដំបូងឡើយ ប្រជានេសាទត្រូវដឹងជាមុនថា សត្វ «គី» ចុះនៅតំបន់ណា កន្លែងណាខ្លះ..? បន្ទាប់មក ប្រជានេសាទត្រូវនាំគ្នានេសាទ ដោយមានទាំងអូសឈឹបដោយដៃ និងអូសទូក ព័ទ្ធបណ្តេញហ៊ុមធ្វើយ៉ាងណាឱ្យសត្វ «គី» នោះ ចូលក្នុងឈឹប ឬស្បៃមុងអូសដោយទូកនោះ។ បន្ទាប់ពីនេសាទបានហើយ ភ្លាមៗ...គេត្រូវយកមកលាងសម្អាត និងរើសកម្ទេចកម្ទីសំរាម ឬកម្ទេចឈើចេញ ហើយប្រឡាក់អំបិលផ្អាប់ទុកមួយយប់ បន្ទាប់មកយកមកហាលថ្ងៃឱ្យស្ងួតល្អ ហើយយក «គី» ប្រឡាក់អំបិលហាលថ្ងៃនោះមកបុកឱ្យម៉ដ្ត យកទៅផ្អាប់ទុកឱ្យឡើងងំយ៉ាងតិចកន្លះខែ ឬ១ខែ មានក្លិនឈ្ងុយ ទើបយកមកបរិភោគទៅវាមានឱជារសឆ្ងាញ់ មិនក្រពុល ឬឆ្អាបឡើយ និងអាចលក់ទៅឱ្យអតិថិជនបាន។

ចំណែក អ្នកស្រី ឆាយ សានី ជាអ្នកលក់សត្វសមុទ្ទគ្រប់ប្រភេទប្រចាំនៅសហគមន៍ជ្រោយស្វាយ បានឱ្យដឹងថា អ្នកស្រី និងស្វាមី ជាអ្នកទទួលទិញលក់បោះដុំសត្វសមុទ្ទគ្រប់មុខទាំងអស់ ជូនអតិថិជនទាំងក្នុងតំបន់ និងនៅតាមបណ្តាខេត្តផ្សេងៗ។ ទន្ទឹមនឹងនោះ អ្នកស្រី ក៏ជាអ្នកផលិតកាពិ ធ្វើអំពីសត្វ «គី» រាប់រយគីឡូក្រាមក្នុងមួយឆ្នាំៗលក់ចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ អ្នកស្រីបន្តថា នៅពេលដែលប្រជានេសាទដងសត្វ «គី» បានច្រើន ពួកគាត់តែងទូរសព្ទហៅអ្នកស្រីទៅទិញដល់ទីកន្លែងដងនោះតែម្តង ដោយអ្នកស្រីទទួលទិញ «គី» ស្រស់ ក្នុង១គីឡូតម្លៃ២៥០០រៀល ទៅ៣០០០រៀល។ ហើយអ្នកស្រីយកមកកែច្នៃផលិតជាកាពិ លក់ក្នុងមួយគីឡូតម្លៃ២ម៉ឺនរៀល ព្រោះក្នុងចំណោម «គី» ស្រស់១០០គីឡូក្រាម ផលិតកាពិបានតែ៣០គីឡូក្រាមប៉ុណ្ណោះ ដែលទូទាត់ទៅចំណេញមិនច្រើនទេ ប៉ុន្តែដើម្បីលក់ជូនម៉ូយៗបានរបស់ធម្មជាតិយកទៅបរិភោគ អ្នកស្រីខិតខំធ្វើទោះមិនចំណេញច្រើនក្ដី ម្យ៉ាងវាក៏ជារបរប្រពៃណីដូនតាមកដែរ។

ទោះជាយ៉ាងណា ទាំងអ្នកស្រី ឈុន គឺមយាន និងអ្នកស្រី ឆាយ សានី ម្នាក់ៗសុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយនឹងអាជីវកម្មនេសាទសត្វសមុទ្ទ តាមលក្ខណៈគ្រួសារបែបនេះ ព្រោះវាជាមុខរបរតពីជីដូនជីតា និងជារបររក្សាអត្តសញ្ញាណសហគមន៍របស់ខ្លួនផងដែរ។ តែយ៉ាងណា អ្នកស្រីទាំងពីរបានស្នើសុំឱ្យមានការទប់ស្កាត់បទល្មើសនេសាទនៅលើលម្ហសមុទ្ទ ដើម្បីសង្គ្រោះមច្ឆជាតិសមុទ្ទឱ្យគង់វង្សទុកដល់មនុស្សជំនាន់ក្រោយអាស្រ័យផល និងជាការ[ការពារអភិរក្សធនធានធម្មជាតិ]សម្រាប់កូនចៅជំនាន់ក្រោយ។ លោក ហៅ ឡាញ់ អនុប្រធានសហគមន៍នេសាទជ្រោយស្វាយ បានឱ្យដឹងថា របរនេសាទសត្វ «គី» នេះ គឺជារបរប្រពៃណីតពីដូនតារបស់ប្រជាសហគមន៍ក្នុងមូលដ្ឋានឃុំជ្រោយស្វាយ ជាយូរលង់មកហើយ ឱ្យតែដល់រដូវសត្វ «គី» ចុះម្ដងៗ ប្រជានេសាទតែងនាំគ្នាចេញដំណើរទៅសមុទ្ទ ដង អូស ចាប់យកសត្វ «គី» មកធ្វើជាកាពិទុកប្រើជាអាហារប្រចាំថ្ងៃផង និងលក់ជូនអតិថិជនផង ដោយក្នុងមួយឆ្នាំៗ អ្នកនេសាទខ្លះអាចរកប្រាក់ចំណូលបានរាប់លានរៀលពី សត្វ «គី» នេះ។

សូមបញ្ជាក់ថា «គី» គឺជាសត្វប្រភេទកំពឹសរស់ក្នុងទឹកសមុទ្ទ មានទំហំតូចល្អិត និងទន់ជាងកំពឹសទឹកសាប ហើយអ្នកស្រុកនៅតាមតំបន់សមុទ្ទច្រើនហៅថា «កូនគី»។ គេអាចរកបានច្រើននៅពេលព្រឹកព្រលឹមស្រាងៗ ដោយប្រើឧបករណ៍ម្យ៉ាងហៅថា «ឈឹប» ធ្វើពីស្បៃមុងនីឡុង និងមានដងឫស្សីពីរដើម បច្ចុប្បន្ន អ្នកនេសាទបានកែច្នៃស្បៃមុងមានប្រវែងរាប់សិបម៉ែត្រ ពន្លាតពីម្ខាងទៅម្ខាងភ្ជាប់ដោយទូកអូសបានម្ដងៗរាប់រយគីឡូក្រាមឯណោះ។ ចំណែក អ្នករុញឈឹបអូសដោយដៃវិញ គេរុញឈឹបទៅមុខដោយដាក់ដងខ្វែងគ្នានៅផ្នែកគល់ និងកន្ធែកដងបើកមុខឱ្យធំនៅផ្នែកខាងចុង ជ្រមុជចុះទៅក្នុងទឹកជម្រៅត្រឹមទ្រូង ដោយបន្លាយថ្នក់ស្បៃមុងក្នុងទឹកទៅក្រោយ។ លុះរុញតាមបណ្តោយឆ្នេរបានឆ្ងាយបន្តិចទៅ គេក៏លើកឈឹបនោះឡើងមក គោះឱ្យកូន«គី»ធ្លាក់ចុះទៅខាងថ្នក់ ហើយបើឃើញថា បានច្រើនគួរសម គេក៏យកខ្សែចងខណ្ឌឱ្យកូន»គី»នោះ នៅក្នុងថ្នក់ខាងចុងកុំឱ្យអណ្តែតចេញក្រៅ រួចក៏រុញឈឹបអូសបន្តទៅមុខទៀត។ ធ្វើដូច្នេះរហូតដល់សមល្មមនឹងយកមកប្រឡាក់អំបិលហាលថ្ងៃ មុនបន្តយកទៅបុកផ្អាប់ទុកឱ្យងំល្អ ទើបយកទៅទទួលទាន...៕








