
រាជធានីភ្នំពេញ៖ លោក សោម ពិសិដ្ឋ ចៅហ្វាយខេត្តកែប បានបង្ហោះលេខទូរសព្ទរបស់មន្រ្តី៣ខ្សែ គឺ «012 821 411» «088 432 0034» «099 549 789» ហើយលោកជំរុញឱ្យប្រជាជនដែលទៅលេងខេត្តកែប រាយការណ៍ទៅមន្រ្តីតាមរយៈលេខទូរសព្ទទាំង៣ខ្សែនេះ បើជួបប្រទះទីតាំងណាលក់ម្ហូបអាហារ ឬផ្តល់សេវាកម្មក្នុងតម្លៃថ្លៃខុសប្រក្រតី។ លោកចៅហ្វាយខេត្ត បង្ហោះលេខទូរសព្ទរបស់មន្រ្តីទាំង៣ខ្សែលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីខេត្តរបស់លោកល្បីរឿងបាយឆា១ចាន៦ម៉ឺនរៀលនាពេលថ្មីៗនេះ។

លោក សោម ពិសិដ្ឋ សរសេរយ៉ាងដូច្នេះថា៖«ទោះបីជាការខិតខំប្រឹងប្រែងឱ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ យេីងក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះ មានការរិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប»។ តាមរយៈសំណេរដដែល លោកប្រកាសថា រដ្ឋបាលខេត្តកែប ទទួលយករាល់មតិរិះគន់ក្នុងន័យស្ថាបនាពីប្រជាជន និងភ្ញៀវទេសចរទាំងអស់។

លោក ថែមទាំងចាត់ទុកមតិទាំងនោះ ថាជាមូលដ្ឋានក្នុងការកែលម្អ និងការដោះស្រាយរាល់ចំណុចខ្វះខាតឱ្យកាន់តែល្អប្រសើរ ដើម្បីធ្វើឱ្យខេត្តមួយនេះកាន់តែមានភាពទាក់ទាញ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បង្ហាញឆន្ទៈថា រដ្ឋបាលខេត្តកែប នឹងខិតខំអភិវឌ្ឍតំបន់សក្ដានុពលទេសចរណ៍នានាបន្ថែមទៀត សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់ប្រជាជន។ លោកបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ មានភ្ញៀវជិត៨ម៉ឺននាក់ ទៅលេងខេត្តកែប៕



