
(កំពត+កែប)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវនៅក្នុងខេត្តកំពត និងកែបអាចនឹងបញ្ចប់មុនពេលកំណត់ ខណៈផ្លូវជាតិលេខ៣១សម្រេចបានជាង២០ភាគរយ និងផ្លូវជាតិលេខ៣៣សម្រេចបានជាង៣០ភាគរយ ដោយគិតត្រឹមចុងខែឧសភានេះ។

នេះបើតាមលទ្ធផលដែលបានបញ្ជាក់បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងទាំង២ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមផងដែរពីសំណាក់តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
គិតត្រឹមថ្ងៃទី២៦ ឧសភា ២០២៣ ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២% ក្នុងនោះរួមមាន៖ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។ ដោយឡែក គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន ៣១,៧៣% ក្នុងនោះរួមមាន៖ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៦,៥៤គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គ.ម។

តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។ ដោយឡែក ចំពោះរោងចក្រផលិតបេតុងកៅស៊ូ AC ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការផលិត ដើម្បីអាចបំពេញតម្រូវការប្រើប្រាស់នាពេលអនាគត។ ផលិតផលដែលកើតចេញពីរោងចក្រនេះ គឺជាប្រភេទកៅស៊ូត្រជាក់ ដែលអាចប្រើប្រាស់សម្រាប់ប៉ះជង្ហុកសំបុកមាន់ នៅក្នុងរដូវវស្សា។
គួររំលឹកផងដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង៦០លានដុល្លារអាម៉េរិក រីឯផ្លូវជាតិលេខ៣៣មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាម៉េរិក ។ ផ្លូវជាតិទាំងពីរខ្សែនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ហើយចំពោះថវិកាចំណាយជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕








