ខេត្តកែប៖ ផ្អែកលើសក្តានុពល និងភាពសម្បូរបែបនៃធនធានធម្មជាតិវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានក្នុងតំបន់ស្រាប់ ខេត្តកែបបានកំណត់ប៉ូលអភិវឌ្ឍទេសចរណ៍ជា៤ រួមមាន៖ ប៉ូលទេសចរណ៍តំបន់ក្រុងកែប ប៉ូលទេសចរណ៍តំបន់អង្កោល ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ និងប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ដើម្បីកំណត់ចក្ខុវិស័យប្រែក្លាយខេត្តមួយនេះ ទៅជាគោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៣-២០៣៥…។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧សីហា ឆ្នាំ២០២៣ បានដឹកនាំផ្សព្វផ្សាយជាផ្លូវការ ស្តីពីការដាក់ឱ្យអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥» និងការត្រៀមរៀបចំពិធីបុណ្យសមុទ្ទ លើកទី១០ ជុំទី៣ ដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ភាពទាក់ទាញ និងធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) ក្នុងតំបន់ និងពិភពលោក។ ដោយប្រកាន់យកគោលការណ៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។

ទន្ទឹមនឹងនោះ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងសម្រាប់ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ ខេត្តជាប់មាត់សមុទ្ទមួយនេះ បានគូសបញ្ជាក់ថា ជាយុទ្ធសាស្ត្រខេត្តកែប បានកំណត់ជាប៉ូលអភិវឌ្ឍទេសចរណ៍៤ រួមមាន៖ ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក។ ទី២-ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្ទធម្មជាតិបែបទំនើប។ ទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជាតំបន់កសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ និងទី៤-ប៉ូលទេសចរណ៍តំបន់ប្រជុំកោះជាតំបន់ទេសចរណ៍កោះប្រណិត។

ជាមួយគ្នានេះ ឯកឧត្ដមបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនដែលត្រូវអភិវឌ្ឍរួមមាន៖ ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាងឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេច ចម្ការទុរេន តំបន់កោះ សួនសាធារណៈ និងទេសភាពបៃតង។ លើសពីនោះផែនការមេ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សយុទ្ធសាស្ត្រទីផ្សារ ផ្សព្វផ្សាយទេសចរណ៍ និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ទេសចរណ៍តំបន់ឆ្នេរ ដែលជាបណ្តុំខួរក្បាលចំណេះដឹងបទពិសោធ និងការបង្កើតថ្មីសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។ ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តមួយនេះ ជាគោលដៅទេសចរណ៍សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់ ឈរលើទស្សនទាន «ការអភិវឌ្ឍទេសចរណ៍ ត្រូវឈរលើមូលដ្ឋានការអភិរក្សបរិស្ថាន និងធនធានធម្មជាតិវប្បធម៌ និងប្រវត្តិសាស្ត្រ» និងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគោល និងអន្តរវិស័យនានា៕




