
ខេត្តកំពត៖ ចួនពេលខេត្តកែបផ្ទុះរឿងម្ហូបអាហារមានតម្លៃថ្លៃហួសហេតុ ថ្នាក់ដឹកខេត្តកំពតឯណោះ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះ។ ទំនងជាមិនចង់ឱ្យខេត្តខ្លួនជួបរឿងរបៀបនេះដែរ រដ្ឋបាលខេត្តកំពត កាលពីថ្ងៃសុក្រ ក៏ធ្វើសកម្មភាពទប់ស្កាត់ជាមុនឱ្យហើយ ដោយបានបញ្ជាមន្ទីរទេសចរណ៍ឱ្យចុះប្រមូលបញ្ជីតម្លៃមុខម្ភូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តតែម្តង ដើម្បីយកទៅពិនិត្យឡើងវិញ។

យ៉ាងណា លោក ឃុត ឧសភា អ្នកនាំពាក្យខេត្តកំពត ក្នុងកិច្ចសម្ភាសជាមួយ SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ អះអាងថា ការប្រមូលបញ្ជីរាយមុខសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត យកទៅតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ និងដើម្បីបង្ការភាពមិនប្រក្រតី។ លោកបានបដិសេធថា មិនពាក់ព័ន្ធរឿងខេត្តក្បែរខាង ដែលរងការរិះគន់ពីតម្លៃម្ហូបអាហារនោះទេ ហើយលោកបកស្រាយថា ជាការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តកំពត ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងខេត្ត។ អ្នកនាំពាក្យខេត្តរូបនេះថ្លែងថា៖ « អត់មានអីទេ ព្រោះថ្នាក់ដឹកនាំគាត់យកចិត្តទុកដាក់លើភ្ញៀវទេសចរដែលគាត់មកសម្រាកលំហែនៅខេត្តកំពត ក្រែងលោបងប្អូន[អាជីវករ]យើងឃើញ[ភ្ញៀវទេសចរ]គេមកច្រើន ចេះតែដំឡើងថ្លៃតែប៉ុណ្ណឹងទេអត់មានអីទេ»។

ម៉្យាងវិញទៀតវិធានការនេះធ្វើឡើង ក៏ដើម្បីបង្ការកុំឱ្យមូលដ្ឋានសេវាកម្មពាក់ព័ន្ធទេសចរណ៍ដំឡើងថ្លៃខុស។ ជាងនេះទៅទៀត ចំពោះភ្ញៀវទេសចរដែលមិនពេញចិត្តចំពោះតម្លៃ គឺអាចរាយការណ៍ទៅកាន់រដ្ឋបាលខេត្តបាន ដោយរដ្ឋបាលខេត្តនឹងបើការស្រាវជ្រាវលើករណីនោះភ្លាមៗ។ លោកអះអាងបន្ថែមថា៖«កន្លងទៅខេត្តមិនទាន់មានការរិះគន់អ្វីទៅលើតម្លៃម្អូបអាហារ ឬកន្លែងស្នាក់នៅនោះទេ។ វិធានការនេះគឺដាក់ចេញ ដើម្បីការពារកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាកេរ្តិ៍ឈ្មោះអ្នកលក់ដូរនៅក្នុងខេត្តផ្ទាល់»។

គួរជម្រាបថា ក្រៅពីរង្វល់មូលផ្លែទុរេន ដែលជាអត្តសញ្ញាណរបស់ខេត្ត បច្ចុប្បន្ន ខេត្តកំពត ដែលដឹកនាំដោយ លោក ម៉ៅ ធនិន បានកសាងសត្វសេះសមុទ្ទ និងនាឡិកាយក្ស ហើយកំពុងទទួលបានការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ ទៅកម្សាន្ត។ ជាក់ស្តែងក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិទៅកម្សាន្តជាង ១២ម៉ឺននាក់ និងទេសចរបរទេសជិត ៦០០នាក់ ខណៈខេត្តនេះបានឡើងដល់លំដាប់លេខរៀងទី៥ ជាខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងចំណោមខេត្តទាំង២៥ទូទាំងប្រទេស។

ដ្បិតក្នុងពេលដូចគ្នា ខេត្តកែបដែលជាគោលដៅទេសចរណ៍ក្បែរខាងគ្នានោះ ទទួលបានភ្ញៀវទេសចរជាតិទៅកម្សាន្តជាង ៨ម៉ឺននាក់ និងទេសចរណ៍បរទេសជិត ៤០០នាក់ប៉ុណ្ណោះ។ ដ្បិតខេត្តជាប់មាត់សមុទ្ទដ៏មានសក្តានុពល ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ឈ្មោះថា «តារារះទិសនារតី» មួយនេះក៏សម្បូរទៅដោយទីតាំងលេងកម្សាន្តជាច្រើន។ យ៉ាងណា ខេត្តនេះ ទើបទទួលរងការរិះគន់ពីមហារជនលើតម្លៃសេវាកម្មអាហារ៕





