បារីខូចគុណភាពចំនួន៣៤៦កេស ត្រូវអាជ្ញាធរបង្រ្កាប និងដុតបំផ្លាញចោល
ហាក់ អ៊ីឌី
25 កញ្ញា 2024 10:30 AM

រាជធានីភ្នំពេញ៖ ផលិតផលបារីខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ប្រមាណ៣៤៦កេស ត្រូវមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ធ្វើការបង្រ្កាប នឹងដុតបំផ្លាញចោល នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ...។

ប្រតិបត្តិការបង្រ្កាប និងដុតបំផ្លាញនេះ ធ្វើឡើងដោយមានការចូលរួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួលនីតិវីធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណៈផលិតផលបារីដុតបំផ្លាញចោលនៅពេលនេះ គឺជាវត្ថុតាងដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមក ក្រោមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត