ក្រោយចូលកាន់តំណែងថ្មីៗ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មីនឹងអញ្ជើញចូលរួម«ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន» ជាលើកដំបូងនៅក្នុងប្រទេសចិន
L
Linda Sorn
24 កញ្ញា 2024 04:09 AM

រាជធានីភ្នំពេញ៖ ក្រោយប្តូរតំណែងកាលពីពេលថ្មីៗនេះ លោក ហួត ហាក់ អតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងអញ្ជើញចូលរួម«ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤» នៅទីក្រុងគួយលីន សាធារណរដ្ឋប្រជាមានិតចិន ជាលើកដំបូងក្នុងនាមប្រធានមន្ទីរទេសចរណ៍ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ការចូលរួមកម្មវិធីនេះ គឺធ្វើឡើងស្របតាមការអញ្ជើញរបស់គណៈកម្មាធិការពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ដោយក្នុងនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមកម្មវិធីនៅទីក្រុងគួយលីន ក្រោមប្រធានបទ«សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ»។ ក្នុងនោះ ក្នុងដំណើរការនៃកម្មវិធី លោក ហួត ហាក់ នឹងអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើក ស្តីពីវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ព្រមទាំងជំរុញការផ្សព្វផ្សាយយុទ្ធនាការ«ឆ្នាំទស្សនាសៀមរាប ២០២៤» ជាពិសេសបន្តជំរុញការអនុវត«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។

ដោយកម្មវិធីនេះផងដែរក៏នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ចំនួន៥០០នាក់ អ្នកសារព័ត៌មានចំនួន១០០នាក់ និងអ្នកទស្សនាជាង១ម៉ឺននាក់មកពីបណ្តាក្នុងតំបន់។ យ៉ាងណា ក្នុងឱកាសនោះលោកក៏គ្រោងនឹងទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Guangxi តំណាងក្រុមហ៊ុន HAINAN TOURISIM GROUP និងក្រុមហ៊ុនមួយចំនួនទៀត។

គួរបញ្ជាក់ថា លោក ហួត ហាក់ ត្រូវបានកិច្ចប្រជុំពេញអង្គវិសាមញ្ញនៃរដ្ឋសភា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេច ឃួន សុដារី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចបោះឆ្នោតយល់ព្រមតាមសំណើរាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្ដូរតំណែងរដ្ឋមន្រ្តី២រូប ដោយសម្រេចផ្លាស់ប្ដូរលោក ហួត ហាក់ ដូរទៅកាន់ក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន ដូរទៅកាន់ក្រសួងអធិការកិច្ចជំនួសវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត