
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨កុម្ភៈនេះ បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេនៅអាស៊ី។ ការសាទររបស់សម្តេចនាយកដ្ឋមន្រ្តី ធ្វើឡើងក្រោយពេលដែលគេហទំព័រទេសចរណ៍ល្បីឈ្មោះ World Travel Awards បានធ្វើការបោះឆ្នោតជ្រើសរើសឱ្យប្រទេសកម្ពុជា ឈ្នះពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌កំពូលនៅអាស៊ី ប្រចាំឆ្នាំ ២០២៣...។

ជាមួយគ្នានេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ក៏បានបញ្ចេញសារអបអរជាមួយនឹងលទ្ធផលនេះដែរ។ ដោយក្រសួងបានគូសបញ្ជាក់ថា៖ «សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សាជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌»។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ការទទួលបានជ័យជម្នះផ្នែកទិសដៅទេសចរណ៍វប្បធម៌ផ្តាច់មុខគេនៅអាស៊ីនេះ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ដោយកាលពីឆ្នាំ២០២២ កម្ពុជាក៏ធ្លាប់គ្រងតំណែងនេះម្ដងរួចមកហើយ។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ចាត់ទុកថា ការគ្រងតំណែងផ្ទួនៗរយៈពេល២ឆ្នាំជាប់គ្នានេះ គឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងជាផ្នែកមួយនៃការលើកតម្កើងមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ...៕




