
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ (ខេត្តព្រះសីហនុ,ខេត្តកោះកុង,ខេត្តកំពត និងខេត្តកែប) ត្រូវចុះណែនាំ ដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ពង្រឹងគុណភាព ដើម្បីអបអរពិធីបុណ្យសមុទ្ទលើកទី១០ ជុំទី៣ នៅខេត្តកែប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ...។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ និងដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣នៅខេត្តកែប មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ ត្រូវតែបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រួមមាន៖ ទី១. ផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូន កីឡាទេសចរណ៍ និងសកម្មភាពទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។ ទី២. ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។

ទី៣. ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្មត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទាំង៣ព្រះអង្គ ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។ ទី៤. ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ទី៥. ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។ ទី៦. ត្រូវក្រើនរំលឹក បណ្ដុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច ជំនាញដែលចាំបាច់ និងត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ គួរជាឯកសណ្ឋាន ដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្ត ឬតំបន់។

ទី៧. ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យ ប្រុស-ស្រី និងមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក)។ ទី៨. ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមាដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះជាដាច់ខាត។ ទី៩. ជំរុញ និងលើកទឹកចិត្តអាជីវកម្មទេសចរណ៍ ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “អាជីវកម្ម ទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣” ស្របតាមទស្សនទាន (IBEST)។ ទី១០.ត្រូវអនុវត្តរាល់បទប្បញ្ញត្តិជាធរមាន និងរាល់ការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ ត្រូវសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តខ្លឹមសារខាងលើនេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕





