
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយ ដែលមានឈ្មោះថា «កម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចិរភាព» ក្នុងគោលដៅបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ...។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា» នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីថ្មីនេះ គឺសំដៅផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការការពារដីរដ្ឋនិងព្រៃឈើ។ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងយ៉ាងដូច្នេះថា៖«គោលគំនិតដោយសង្ខេបនៃកម្មវិធី គឺយើងរៀបចំផ្ដល់ដីសម្បទានក្នុងក្របខ័ណ្ឌដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ហើយត្រឡប់មកវិញប្រជាពលរដ្ឋទាំងនោះនឹងជួយដល់រាជរដ្ឋាភិបាលនៅក្នុងការការពារទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់រស់នៅ»។

បន្ថែមពីនេះ កិច្ចការងារផ្ដល់ដីការពារព្រៃនេះ គឺអាចរំលត់បញ្ហា២ក្នុងពេលតែមួយ ដោយរាជរដ្ឋាភិបាលនឹងរៀបចំយន្តការចំពោះប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដើម្បីបង្កើនប្រសិទ្ធភាព និងសន្ទុះក្នុងការជួយឱ្យទាន់ពេលវេលា តាមរយៈការរៀបចំយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីធ្វើជាប្រធានហើយនោះ មានយន្តការលេខាធិការថាដើម្បីធ្វើកិច្ចការដោយប្រសិទ្ធភាពធានានូវភាពត្រឹមត្រូវនិងសុក្រឹតភាព ធ្វើយ៉ាងណាធានាថា ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនឹងទទួលបានផល។ ទន្ទឹងនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា៖«ពេលជាមួយគ្នា គឺយើងប្រើប្រាស់នូវការចូលរួមរបស់ប្រជាពលរដ្ឋខ្លះទៀត ដើម្បីចូលរួមនៅក្នុងការការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀតដែលគាត់តាំងទីលំនៅនៅទីនោះ ហើយការដៅចំណុចនៃការរៀបចំនូវកម្មវិធីនេះ ក៏បានគិតគូរទៅដល់តំបន់ទិសឦសាន និងតំបន់មួយចំនួនទៀតដែលមានការចាំបាច់ក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេសរបស់យើង អ៊ីចឹងទាក់ទងទៅនឹងកិច្ចការងារនេះ យើងនឹងចាប់ផ្តើមរៀបចំគោលការណ៍អនុវត្តសង្ឃឹមថា អាចអនុវត្តបាននៅក្នុងដំណាច់ឆ្នាំ២០២៤នេះ»៕



