
ខេត្តពោធិ៍សាត់៖ រោងចក្រទី២របស់ក្រុមហ៊ុនមីនេបៀ (Minebea) សាខាខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២០កញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...។

ពិធីបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (Minebea) នៃប្រទេសជប៉ុន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីជំនឿចិត្តយ៉ាងមុតមាំរបស់វិនិយោគិនបរទេស ជាពិសេសអ្នកវិនិយោជប៉ុន មកលើរាជរដ្ឋាភិបាល ក្នុងការមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ក្រុមហ៊ុនមីនេបៀ ខេមបូឌា ខូអិលធីឌី (Minebea Cambodia Co,Ltd) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ប្រទេសជប៉ុន ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកលក់ចែកចាយទៅកាន់ទីផ្សារពិភពលោក ដោយផលិតម៉ូទ័រគ្រប់ប្រភេទ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀ បានឱ្យដឹងថា ក្រុមហ៊ុនមីនេបៀ បានបើកដំណើរការនៅប្រទេសកម្ពុជាដំបូង ក្នុងឆ្នាំ២០១១ ដែលមានតម្លៃវិនិយោគប្រមាណ២៣លានដុល្លារអាម៉េរិក និងបានដំឡើងការវិនិយោគរបស់ខ្លួនដល់ជាង៦០០លានដុល្លារអាម៉េរិកនៅពេលបន្ទាប់។ លោកបន្តថា ក្រុមហ៊ុនមីនេបៀ ក៏បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយបើកការដ្ឋានសាងសង់រោងចក្រទី២ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់នេះ ដែលអាចបង្កើតការងារជាច្រើនពាន់កន្លែងទៀត សម្រាប់ប្រជាជនកម្ពុជា ទទួលបានការងារធ្វើ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏បានគិតគូរផងដែរលើការបណ្តុះបណ្តាលបុគ្គលិក កម្មករ-កម្មការិនីកម្ពុជា ឱ្យមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីអាចបំពេញការងារឱ្យក្រុមហ៊ុនដំណើរការទៅមុខបានដោយរលូន។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនេបៀ ដែលមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីកការវិនិយោគរបស់ខ្លួនកាន់តែរីកធំឡើងៗ គួរជាទីមោទនៈ។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីសមិទ្ធផលដែលកំពុងកើតឡើងនូវពេលនេះ គឺផ្តើមចេញពី «សន្តិភាព» ដែលជាកត្តាសត្យានុម័តមួយមិនអាចបំភ្លៃបាន ព្រោះបើគ្មានសុខសន្តិភាពទេ ថ្ងៃនេះ..ការបើកការដ្ឋានសាងសង់រោងចក្រមីនេបៀ ទីពីរនៅខេត្តពោធិ៍សាត់នេះ មិនអាចកើតឡើងបានឡើយ ហើយវិនិយោគិនបរទេស ក៏នឹងមិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឃដែរ។ លោកបន្តថា ដើម្បីឱ្យកម្ពុជាទទួលបានការវិនិយោគពីបរទេសកើនឡើងបន្ថែមទៀត លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នា បង្កើនសាមគ្គីភាព ថែរក្សាការពារ «សុខសន្តិភាព» នេះ ឱ្យគង់វង្ស ដើម្បីប្រទេសរបស់យើងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

គួររំឭកផងដែរថា បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល១២ខែចុងក្រោយ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង១៦៨គម្រោង ស្មើនឹងប្រមាណ៧៥ភាគរយ ក្នុងទុនវិនិយោគកើនឡើងជាង៤,៦៧២លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ១៦១ភាគរយ៕










