សម្តេចធិបតី អំពាវនាវអាជ្ញាធរទប់ស្កាត់ឱ្យបាននូវការទន្ទ្រានក្នុងតំបន់«រមណីដ្ឋានប្រាសាទកោះកេរ» ក្នុងឱកាសខួប១ឆ្នាំ នៃការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
អុន សម្ផស្ស
17 កញ្ញា 2024 05:30 AM

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាស អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូល «រមណីដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ១៧ កញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស អាជ្ញាធររដ្ឋបាលខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទប់ស្កាត់ឱ្យបានរាល់ការទន្ទ្រានគ្រប់ប្រភេទក្នុងតំបន់...។

សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈសារលិខិតអបអរសាទរ ថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងទឹកចិត្តរំភើបឥតឧបមា ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«មិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន»

យ៉ាងណា តាមរយៈលិខិតដដែលនោះ សម្តេចធិបតី ក៏បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ អន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។ ជាពិសេស សម្តេចធិបតី ថ្លែងអំណរគុណ ចំពោះមិត្តភក្តិអន្តរជាតិនៃកម្ពុជា និងឥស្សរជនទាំងហ្លាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលជាអតីតរាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។

រមណីយដ្ឋាននេះ បន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ដ្របុរាណ ដែលចាំបាច់ត្រូវការ[ការពារ អភិរក្ស សិក្សាស្រាវជ្រាវ] និងលើកតម្លៃឡើងវិញ។ ទន្ទឹមគ្នានោះ សម្តេចធិបតី ស្នើដល់សហប្រធានចិន និងឥណ្ឌា នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្ម ដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមរំឭកថា តាមរយៈសេចក្តីសម្រេចលេខ ៤៥ COM ៨B.៨ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត «រមណីយដ្ឋានប្រាសាទកោះកេរ» អតីតរាជធានីលិង្គបុរៈ មានទីតាំងស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ជាទីតាំងអតីតរាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី១០(៩២៨-៩៤២)។ រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទដ៏ល្អវិចិត្រចំនួន៧៦ ក្នុងនោះមានប្រាសាទប្រាង្គ ឬប្រាសាទពីរ៉ាមីតធំជាងគេនៅអាស៊ីអាគ្នេយ៍ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ(UNCESCO) ប្រកាសដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ កាលពីថ្ងៃទី១៧ ​​​ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត