
ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានស្ត្រីម្នាក់ក្នុងចំណោម៤នាក់ បាត់បង់ជីវិតកំលុងពេលស៊ីឈ្នួលប្រមូលចំបើង ស្របពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ដោយត្រូវរន្ទះបាញ់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៦កញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងលិចភូមិដូនកែវ ស្ថិតឃុំដូនកែវ ស្រុកពួក...។

យោងតាមការបញ្ជាក់ពីសាក្សីដែលនៅក្នុងហេតុការណ៍ផ្ទាល់ បានឱ្យដឹងថា ពួកគាត់រួមទាំងជនរងគ្រោះមានគ្នាចំនួន៤នាក់ បានស៊ីឈ្មួលប្រមូលចំបើងពីក្នុងទឹកដែលច្រូតស្រូវរួច ដោយម្នាក់ៗទទួលបានកម្រៃមួយថ្ងៃ២ម៉ឺនរៀល លុះវេលាម៉ោងប្រហែល៤រសៀល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ ពួកគាត់បានសម្រេចចិត្តនាំគ្នាសម្រាកបន្តិចសិន រួចក៏បានអូសតង់បណ្តើរ និយាយគ្នាលេងបណ្តើរ ភ្លាមៗ..ស្រាប់តែឮសំឡេងផាំង! លាន់សូរស្ទើរបែកក្រដាសត្រជៀក រួចពួកគាត់ក្រឡេកទៅឃើញជនរងគ្រោះម្នាក់ ដេកដួលផ្កាប់មុខក្នុងទឹក ទើបនាំគ្នាទៅទាញជនរងគ្រោះឱ្យងើបពីក្នុងទឹកតែជាអកុលជន រងគ្រោះបានបាត់បង់ជីវិតទៅហើយ។

ក្រោយកើតហេតុ ប្រជាកសិករក្រីក្រដែលនៅមានជីវិតបានរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ និងក្រោយពិនិត្យសពស្ត្រីរងគ្រោះរួច អាជ្ញាធរបានប្រគល់សាកសពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យបូជាតាមប្រពៃណី។ សូមជម្រាបថា កាលពីថ្មីៗនេះ ក៏មានករណីស្រដៀងគ្នានេះដែរ ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សត្វក្របី៦ក្បាលងាប់ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅចំណុចភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំពោះហេតុការណ៍ខាងលើ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ខណៈរដូវវស្សាចូលមកដល់ ជាពិសេសកំលុងពេលមានភ្លៀងធ្លាក់ ឬលឹមស្រិចៗ សូមកុំចាក់ចេញទៅទីវាលឱ្យសោះ ព្រោះអាចនឹងជួបរឿងអកុសលដូចករណីខាងលើនេះ..៕






