
គុនខ្មែរ៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា សេនាប្រមុខអ្នកចម្បាំងគុនខ្មែរ នឹងដឹកនាំទ័ពអ្នកចម្បាំងក្រុងអង្គរមួយឈុតធំ ចេញទៅបង្អួតក្បាច់គុនបុរាណដូនតាខ្មែរនៅប្រទេសកូរ៉េខាងត្បូង ក្រោមការរៀបចំពីស្ថានីយទូរទស្សន៍ថោន នាថ្ងៃទី១៥កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ កីឡាករជួរមុខដ៏កំពូលរបស់កម្ពុជារូបនេះ ហាក់មានភាពជឿជាក់ខ្លាំង បើទោះបីជាធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសច្រើនលើកក្ដី តែពេលនេះ លោកសេនាប្រមុខគុនខ្មែរ បញ្ជាក់ថា មានភាពកក់ក្ដៅជាងពេលណាៗទាំងអស់...។

ភាពកក់ក្ដៅ ដែលអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា លើកយកមកបញ្ជាក់នៅពេលនេះ គឺការចេញទៅប្រកួតនៅទឹកដីបរទេសក៏ពិតមែន តែកម្មវិធីប្រកួតប្រដាក់គុនខ្មែរដ៏ធំនេះ រៀបចំដោយភាគីកម្ពុជាសុទ្ធសាធ ហើយនៅកូរ៉េខាងត្បូងក៏មានប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលកំពុងបម្រើការងារនៅទីនោះ ដូច្នេះ ការចេញទៅប្រកួតនៅទឹកដីកូរ៉េខាងត្បូង ដ្បិតថា ជាដែនដីអាស៊ីខាងកើតឆ្ងាយពីអាស៊ីអាគ្នេយ៍បន្តិច ប៉ុន្តែប្រៀបបាននឹងផ្ទះទីពីរបន្ទាប់ពីកម្ពុជាដែរ ព្រោះប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នៅទីនោះ នឹងមកចូលរួមទស្សនា ការប្រកួតប្រដាល់គុនខ្មែរដ៏ធំមួយនេះជាក់ជាមិនខាន។ ចំណុចនេះហើយ ដែលសេនាប្រមុខដឹកនាំកងទ័ពអ្នកចម្បាំងក្រុងអង្គរយើង អះអាងថានឹងទទួលបានភាពកក់ក្ដៅជាងការចេញទៅប្រកួតនៅបណ្តាប្រទេសផ្សេងៗ។ ការបើកទំព័រក្រាំងប្រវត្តិសាស្ត្រថ្មីនៃវិស័យប្រដាល់គុនខ្មែរជាលើកដំបូងនេះ ត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរគ្រប់ទិសទីកោតសរសើរ និងសារទជាខ្លាំងពីការលះបង់ខ្ពស់របស់អ្នករៀបចំកម្មវិធី ដើម្បីលើកស្ទួយគុនខ្មែរ។

កីឡាករជួរមុខកម្ពុជា៦រូប បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញក្បាច់គុនខ្មែរនៅលើទឹកដីអាស៊ីខាងកើត ក្នុងនោះកីឡាករម្ចាស់ផ្ទះ និងកីឡាករបរទេស៣រូបផ្សេងទៀត ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រមួយនេះដែរ។ កីឡាករ សោម វិឆ្ឆ័យ និងមិត្តរួមជាតិ ភក្ដី គុនខ្មែរ នឹងត្រូវប្រកួតម៉ារ៉ាតុនដណ្ដើម ខ្សែក្រវាត់មាស IPCC KUN KHMER Championship ដែលមានការចូលរួមពីកីឡាករម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុនតៃក្វាន់ដូ និងកីឡាករប្រេស៊ីល ដោយការប្រកួតវិលជុំចាញ់ធ្លាក់ ឈ្នះឡើងទៅដណ្តើមខ្សែក្រវាត់។ ចំណែក ទាយាទស្ដេចប្រដាល់ត្រកូលអេ ទាំងពីររូប គឺ កីឡាករ ម៉ឺន មេឃា និងប្អូនប្រុស អេអាំម៉ារីន ភូថង នឹងត្រូវប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះកូរ៉េ និងអូស្ត្រាលី ខណៈ ឡុង អាឆើត ដែលទើបនឹងឡើងជើងខ្លាំងនៅមួយរយៈចុងក្រោយនេះ ត្រូវជួបកីឡាករម្ចាស់ផ្ទះ ជែរហូ គីម ផងដែរ។

គូឯកប្រចាំព្រឹត្តិការណ៍ ដែលជាសេនាប្រមុខដឹកនាំទ័ពអ្នកចម្បាំងក្រុងអង្គរ ធឿន ធារ៉ា នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងហោះឆ្លងទ្វីបមកពីប្រេស៊ីល វិកទ័រ តិចសៀរ៉ា ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ អ្នកលេងពូថៅដៃពិឃាដ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលមានឱកាសចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅក្រៅប្រទេសជាថ្មីម្ដងទៀត។ ការចេញទៅប្រទេសកូរ៉េខាងត្បូងលើកនេះ ខ្ញុំទទួលបានអារម្មណ៍ប្លែក ព្រោះពួកយើងទៅជាក្រុម។ កន្លងមកធ្លាប់ទៅប្រកួតតែម្នាក់ឯង [..] ខ្ញុំប្តេជ្ញាចិត្តថា នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រដែលបានរង់ចាំការប្រកួតរបស់ខ្ញុំមកដល់ ទាំងនៅកម្ពុជា និងបងប្អូនរស់នៅប្រទេសកូរ៉េផ្ទាល់តែម្ដង"។

កីឡាករ ធឿន ធារ៉ា ឱ្យដឹងបន្តថា៖«ចំពោះបញ្ហាសុខភាព ខ្ញុំថែទាំបានល្អណាស់ ! អ៊ីចឹង..ការចាកចេញទៅប្រទេសកូរ៉េនាថ្ងៃស្អែកនេះ គឺមិនមានបញ្ហាអ្វីទេ សូមពុកម៉ែបងប្អូនកុំបារម្ភឡើយ។ ប៉ុន្តែ ខ្ញុំចង់រំឭកបន្តិច កាលខ្ញុំចេញទៅប្រកួតនៅប្រទេសជប៉ុនកាលពីពេលកន្លងទៅ នៅទីនោះខ្ញុំចាញ់ត្រជាក់ខ្លាំងណាស់ ជាហេតុធ្វើឱ្យខ្ញុំពិបាកផ្សាំជាមួយអាកាសធាតុភ្លាមៗបែបនេះ។ ពេលនេះ ខ្ញុំត្រូវទៅកូរ៉េម្ដង នៅទីនោះក៏ត្រជាក់ខ្លាំងណាស់ដែរ ខ្ញុំបារម្ភខ្លះៗដែរ..ខ្លាចចាញ់ទឹកដី និងចាញ់អាកាសធាតុម្ដងទៀត»។ ទោះយ៉ាងណា ជុំវិញបញ្ហានេះ មហាជនក៏កំពុងមានក្ដីបារម្ភចំពោះកីឡាករជួរមុខកម្ពុជាគ្រប់ៗគ្នាផងដែរ ព្រោះបញ្ហាអាកាសធាតុ គឺជារឿងសំខាន់បំផុតសម្រាប់សុខភាពកីឡាករដែលចេញទៅប្រយុទ្ធនៅក្រៅប្រទេស...៕




