
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំ ជម្រាបជូនដំណឹងពីដំណើរការនៃការប្រារព្ធកម្មវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ...។

បើតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅ ថ្ងៃ១៤-១៥ កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដោយបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ។

ក្នុងនោះ ពិធីបុណ្យអុំទូក នឹងមានការបណ្តែតប្រទីបធំៗតំណាងឱ្យក្រសួង ស្ថាប័នចំនួន៣២ រួមមាន៖ ប្រទីបព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ធម្មការ និងសាសនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នមួយចំនួនទៀត។ យ៉ាងណា ដើម្បីឱ្យពិធីបុណ្យនេះប្រព្រឹត្តិទៅដោយរលូន និងគោរពតាមប្រពៃណី ទំនៀមទម្លាប់ដូចរាល់ឆ្នាំ គណៈកម្មាធិការ ក៏ណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់រៀបចំតុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងគ្រប់គេហដ្ឋានប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ។

ដោយឡែក ចំពោះការប្រណាំងទូកវិញ គ្រប់ស្ថាប័នត្រូវណែនាំដល់មូលដ្ឋានដែលមានទូក-ង និងទូកមួង «ទូកអុំ និង ទូកចែវ» ដោយស្ម័គ្រចិត្តឥតបង្ខំឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកដែលមានចំណុះពី១៨ខ្ទង់ឡើងទៅ ដែលមានល្បឿនលឿន និងមានលក្ខណៈសមស្របឱ្យចូលរួមក្នុងការប្រកួត។ ជាមួយគ្នានោះ មូលដ្ឋានក៏ត្រូវរៀបចំធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ រៀបចំអនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើការណែនាំ អប់រំដល់អ្នកអុំឱ្យមានការប្រុងប្រយ័ត្ន រួមជាមួយការខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន អង្គភាព និងជីវភាពក្នុងរយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមទន្លេសាបដោយទទួលបាននូវការអបអរសាទរ និងការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឆ្នាំ២០២៣ គឺជាឆ្នាំទី១ក្នុងការប្រារព្ធពិធីនេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ និងការមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕




