កម្រិតទឹកទន្លេអាម៉ាហ្សូនស្រកចុះខ្លាំង នាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់អ្នកស្រុក
ហៀប ស៊ីថេត
09 កញ្ញា 2024 07:00 AM

ប្រេស៊ីល៖ កម្រិតទឹកនៅក្នុងទន្លេដែលហូរកាត់ព្រៃអាម៉ាហ្សូនដ៏ធំសម្បើម បាននិងកំពុងស្រកចុះយ៉ាងគំហុកបន្ទាប់ពីគ្រោះរាំងស្ងួត ខណៈភ្លៀងធ្លាក់តិចតួច បានបង្ហាញពីបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក សម្រាប់ប្រជាជនដែលរស់នៅទីនោះ ឬត្រូវបានគេស្គាល់ថា «Ribeirinhos»។

ប្រជាជននៅតាមជនបទប្រពៃណីជាច្រើនដែលរស់នៅតាមមាត់ទន្លេ ពឹងផ្អែកលើការផ្គត់ផ្គង់ទឹកស្អាតពីខាងក្រៅ។ អ្នកស្រុក Ribeirinhos ជាធម្មតាទទួលបានទឹកប្រើប្រាស់ដោយផ្ទាល់ពីទន្លេ ប៉ុន្តែឥឡូវនេះពួកគេកំពុងប្រឈមបញ្ហាជាច្រើន ដោយសារតែកម្រិតទឹកស្រកចុះយ៉ាងខ្លាំង។ យ៉ាងណា ឥឡូវនេះ អ្នកស្រុកជាច្រើនពឹងផ្អែកលើអង្គការក្រៅរដ្ឋាភិបាល ឬរដ្ឋាភិបាលសម្រាប់ការផ្គត់ផ្គង់ទឹកបរិភោគ។

អ្នកស្រុកដែលពឹងអាស្រ័យលើទន្លេអាម៉ាហ្សូនបានត្អូញត្អែរថា មនុស្សវ័យចំណាស់តស៊ូយ៉ាងលំបាកលំបិន ដើម្បីដឹក​ទឹក​ពី​ច្រាំង​ទន្លេ​ទៅ​ផ្ទះ​របស់ពួកគេ ខណៈច្រាំងទន្លេមានចម្ងាយប្រហែល៨០០ម៉ែត្រពីផ្ទះ ដូច្នេះ នេះជាចម្ងាយដ៏ឆ្ងាយសម្រាប់មនុស្សចាស់ ឬអ្នកមានបញ្ហាសុខភាព។ អ្នកខ្លះទៀតលើកឡើងថា ជីវិតកាន់តែយ៉ាប់យ៉ឺនជាងមុន ដោយសារកម្រិតទឹកទាបធ្វើឱ្យការធ្វើដំណើរកាន់តែពិបាក និងមិនអាចដឹកផលិតផលទៅកាន់ទីក្រុងបាន។ គួជម្រាបថា ក្រៅពីទន្លេដែលជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់អ្នកស្រុកតាំងពីយូរយារណាស់មកហើយ គឺមានតែផ្លូវថ្មើរជើងដ៏វែងអន្លាយមួយដែលឆ្លងកាត់ព្រៃក្រាស់ប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ សេវាភូគព្ភសាស្ត្ររបស់ប្រេស៊ីល SGB បានព្រមាននៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ទន្លេទាំងអស់ដែលជាខ្នែងរបស់អាងទឹកទន្លេអាម៉ាហ្សូនត្រូវបានគេរំពឹងថា នឹងស្រកចុះក្រោមកម្រិតប្រវត្តិសាស្ត្រ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសប្រេស៊ីលជាកន្លែងដែលភ្លើងឆេះព្រៃបានកើតឡើងជាញឹកញាប់ផងដែរ ខណៈកម្រិតទឹកទាបក៏កំពុងប៉ះពាល់ដល់ការដឹកជញ្ជូនសណ្តែកសៀង និងពោតនៅក្នុងរដ្ឋកណ្តាលភាគខាងលិចផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត