សីតុណ្ហភាពក្ដៅខ្លាំងផ្តាច់ជីវិតអ្នកធ្វើធម្មយាត្រាមូស្លីម៥៥០នាក់ នៅអារ៉ាប៊ីសាអូឌីត
ហៀប ស៊ីថេត
19 មិថុនា 2024 07:00 AM

ទីក្រុងMecca៖ អ្នកធ្វើធម្មយាត្រាយ៉ាងតិច៥៥០នាក់ បានស្លាប់ក្នុងអំឡុងពេលចូលរួមពិធីបុណ្យសាសនាអ៊ីស្លាម Hajj ដោយសារសីតុណ្ហភាពក្ដៅដូចស្រុះនៅឆ្នាំនេះ​...។

អ្នកការទូតអារ៉ាប់ទាំងពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា យ៉ាងហោចណាស់មនុស្ស៣២៣នាក់ដែលបានស្លាប់ គឺជាជនជាតិអេហ្ស៊ីប ដែលភាគច្រើននៃពួកគេបានស្លាប់ដោយសាររលកកម្តៅក្ដៅខ្លាំង ខណៈយ៉ាងហោចណាស់ជនជាតិហ្ស៊កដានីចំនួន៦០នាក់បានស្លាប់ កើនឡើងលើសពីចំនួនផ្លូវការចំនួន៤១នាក់។ ការស្លាប់ថ្មីៗនេះ បានធ្វើឱ្យចំនួនសរុបកើនដល់៥៧៧នាក់។ នេះបើយោងតាមចំនួនសរុបរបស់ AFP។ ដោយឡែក អ្នកការទូតបានបញ្ជាក់ថា ចំនួនសរុបនៅឯកន្លែងបញ្ចុះសពនៅ Al-Muaisem ដែលជាកន្លែងដ៏ធំបំផុតមួយនៅក្នុងទីក្រុង Mecca គឺមានចំនួន៥៥០នាក់

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអេហ្ស៊ីបបានលើកឡើងថា រដ្ឋធានីគែរកំពុងសហការជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត លើប្រតិបត្តិការស្វែងរកជនជាតិអេហ្ស៊ីប បានបាត់ខ្លួនក្នុងអំឡុងពេលពិធីបុណ្យសាសនាអ៊ីស្លាម Hajj ខណៈសេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា ចំនួនជាក់លាក់នៃការស្លាប់បានកើតឡើង ប៉ុន្តែវាមិនបានបញ្ជាក់ថា តើជនជាតិអេហ្ស៊ីបស្ថិតក្នុងចំណោមពួកគេនោះទេ។ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា អ្នកធម្មយាត្រាជាង២០០០នាក់បានទទួលព្យាបាលដែលទទួលរងគ្រោះពីភាពតានតឹងដោយសារកម្តៅ ប៉ុន្តែមិនបានធ្វើបច្ចុប្បន្នភាពតួលេខនោះទេចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ។ សូមរំឭកថា កាលពីឆ្នាំមុន យ៉ាងហោចណាស់អ្នកធ្វើធម្មយាត្រា២៤០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ ដែលភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។

ធម្មយាត្រា Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយប្រជាជនម៉ូស្លីមទាំងអស់ ត្រូវបំពេញវាយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត។ យ៉ាងណា ធម្មយាត្រានេះត្រូវបានរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ តាមពិតទៅ មន្ត្រីអារ៉ាប៊ីសាអូឌីតបានណែនាំអ្នកធ្វើធម្មយាត្រាឱ្យប្រើឆ័ត្រ ផឹកទឹកឱ្យបានច្រើន និងជៀសវាងការប៉ះទៅនឹងកម្តៅព្រះអាទិត្យក្នុងអំឡុងពេលថ្ងៃក្ដៅខ្លាំង។ គួរបញ្ជាក់ថា អ្នកធ្វើធម្មយាត្រាប្រហែល១,៨លាននាក់ បានចូលរួមក្នុងពិធីបុណ្យ Hajj ក្នុងឆ្នាំនេះ ខណៈ១,៦លាននាក់មកពីបរទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត