
រាជធានីភ្នំពេញ៖ ប្រព័ន្ធ e-KYB ជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ ស្ថានភាព អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាសភាពពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុន សហគ្រាសដទៃ និងគ្របដណ្ដប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក តាំង នួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាមួយនឹងតំណាងនៃក្រសួង ស្ថាប័នគោលចំនួន៣ គឺក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា លក្ខណៈពិសេសរបស់ប្រព័ន្ធ e-KYB រួមមាន៖ ការផ្ទៀងផ្ទាត់បែបឌីជីថលប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ដោយទិន្នន័យរបស់សហគ្រាស ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល (Base Registry) នៃក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ថ្នាលនេះអាចកំណត់អត្តសញ្ញាណសហគ្រាសក្នុងទម្រង់អេឡិចត្រូនិកជាមួយនឹងយន្តការផ្ទៀងផ្ទាត់ស្វ័យប្រវត្តិនិងរហ័ស យន្តការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់តាមរយៈការផ្លាស់ប្ដូរទិន្នន័យរវាងគ្នា និងគ្នាការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការប្រើប្រាស់ទិន្នន័យគោលប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពជាងមុន។

ជាឧត្តមានុវត្តន៍ជាតិថ្មី ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (Electronic Known Your Customer ឬ e-KYC) ដែលវិស័យឯកជនបាននិងកំពុងប្រើប្រាស់កន្លងមក ពោលប្រព័ន្ធ e-KYB នឹងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុអនុលោមភាពលើ ទិន្នន័យដែលមានស្រាប់ របស់ក្រុមហ៊ុន សហគ្រាស។ ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យសាធារណៈជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាលដូចជា ប្រព័ន្ធវិក្កយបត្រ-អេឡិចត្រូនិក (E-invoicing) ប្រព័ន្ធលទ្ធកម្មសាធារណៈ ប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាសជាដើម ហើយវិស័យឯកជនដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម អាចធ្វើការងារប្រទាក់ក្រឡាជាមួយគ្នា និងជាមួយវិស័យសាធារណៈបានឱ្យទៅជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេ កូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈថ្នាល CamDX ។
គួរបញ្ជាក់ផងដែរថា នីតិវិធីនៅក្នុងដំណាក់កាលសាកល្បងនេះ ដើម្បីប្រើប្រាស់ e-KYB APIs ស្ថាប័នឯកជនដែលបាន ចូលជាសមាជិកនៃថ្នាល CamDX ត្រូវស្នើសុំបន្ថែមការប្រើប្រាស់ e-KYB APIs មកកាន់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) ដែលជាប្រតិបត្តិករនៃថ្នាល CamDX តាមរយៈប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកផ្ទាល់។ រីឯស្ថាប័នឯកជនដែលមិនមែនជាសមាជិកនៃថ្នាល CamDX និងមានបំណងប្រើប្រាស់ប្រព័ន្ធត្រូវចូលជាសមាជិកនៃថ្នាលនេះជាមុនសិនទើបទទួលបានការអនុញ្ញាតលើការប្រើប្រាស់ e-KYB APIs៕



