
រាជធានីភ្នំពេញ៖ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាល លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានរៀបរាប់ពីគុណសម្បត្តិនានារបស់គណៈមេធាវីក្នុងការជួយពង្រឹងយុត្តិធម៌សង្គម តាមរយៈការចាត់តាំងមេធាវីឱ្យទៅពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្តី «ដោយមិនគិតកម្រៃ» ដល់កុមារ ស្រ្តី ជនងាយរងគ្រោះ អ្នកក្រីក្រ កម្មករនិយោជិត និងគ្រូបង្រៀនសាលារដ្ឋ ជាអាទិ៍។ ចំណែកប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យមេធាវីទាំងអស់ ចាត់ទុកកូនក្តីដែលជាជនក្រីក្រ ប្រៀបដូចជា «សមាជិកគ្រួសារ»។

ក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមេធាវី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមធ្វើជាអធិបតី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា បានបង្ហាញរបាយការណ៍ថា ក្រោមការដឹកនាំរបស់លោកជិត៤ឆ្នាំមកនេះ គណៈមេធាវី បានចាត់តាំងមេធាវីឱ្យជួយការពារក្តីដល់ក្រុមមនុស្សខាងលើដោយមិនយកប្រាក់ បានជិត១ពាន់នាក់ ដែលជាកូនក្តី និងជួយផ្តល់យោបល់ផ្នែកច្បាប់ បានជាង១ពាន់នាក់។ លោកបន្តថា ក្រៅពីជួយផ្នែកច្បាប់ដល់ប្រជាជន សមាជិកគណៈមេធាវី ថែមទាំងបានយកចិត្តទុកដាក់និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង។

គួរដឹងថា គណៈមេធាវីកម្ពុជា ទទួលបានការឧបត្ថម្ភជាថវិកា២ពាន់៦រយលានរៀល (ជាង៦៣ម៉ឺនដុល្លារ) ពីរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់លើការការពារក្តីដល់ជនក្រីក្រនិងជនងាយរងគ្រោះ។ ក្រៅពីនេះ គណៈមេធាវី នៅទទួលបានជំនួយជាថវិកាពីស្ថាប័នជាតិ-អន្តរជាតិដទៃទៀតផងដែរ។ លោក លី ច័ន្ទតុលា បញ្ជាក់ដូច្នេះថា៖«ទោះបីគណៈមេធាវី ជាស្ថាប័នឯករាជ្យក្តី គណៈមេធាវី តែងរក្សាទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកតម្កើងយុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ [..]»។

ក្នុងពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យគណៈមេធាវី បន្តបេសកកម្មរបស់ខ្លួនក្នុងការជួយផ្តល់ជំនួយផ្នែកច្បាប់ និងការពារក្តីដល់កុមារ អ្នកក្រីក្រ និងជនងាយរងគ្រោះ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាល ផ្តល់យោបល់ឱ្យគណៈមេធាវី ចូលរួមលើកកម្ពស់នីតិរដ្ឋ យុត្តិធម៌ និងប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម។ សម្តេចនាយករដ្ឋមន្រ្តី បង្ហាញការចង់បានចំណុចនេះថា៖«មេធាវីគ្រប់រូប សូមបន្តជួយការពារយុត្តិធម៌ក្នុងសង្គម ពិសេសសូមបន្តជួយការពារដល់ជនក្រីក្រ ដោយមិនយកកម្រៃ ដោយយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ ដូចជាសមាជិកគ្រួសាររបស់យើង»៕


