កម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ ដកហូតឧបករណ៍និងបំផ្លាញចោល ពីបឹងចំនួន៤ក្នុងភូមិសាស្ដ្រខេត្តក្រចេះ
K
Kimhuoy K.
05 កញ្ញា 2024 02:34 PM

ក្រចេះ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំបុសលាវ ស្រុកចិត្របុរី ដោយដកហូតនិងរុះរើបានឧបករណ៍នេសាទជាច្រើនប្រភេទយកទៅដុតកម្ទេចចោល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ 

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងមន្ត្រីជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទបានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចទីតាំងចំនួន៤ផ្សេងគ្នា រួមមាន៖ ក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ដែលស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ 

ជាលទ្ធផល សមត្ថកិច្ចបានសម្រេចរុះរើ ដកហូត និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ មានដូចជា៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន១១ខ្សែ ប្រវែង៥៥០ម ក្រឡាទំហំ៣,០៤សម លបសាច់កាវ ចំនួន១៤គ្រឿង ក្រឡាទំហំ០២,០៤សម របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៣៥០ម លូស្បៃមុងចំនួន៣២មាត់លូ របាំងកាត់ទទឹងជិតព្រែកចំនួន០២របាំង និងលបសាច់កាវចំនួន០៦គ្រឿង បង្គោលចម្រឹងឫស្សីចំនួនប្រមាណ៦០០ដើម និងបានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ៣០០គីឡូក្រាម។ ដោយឡែក កន្លែងឧបករណ៍នេសាទខុសច្បាប់ដែលសមត្ថកិច្ចដករហូត វិញគឺត្រូវបានដុតបំផ្លាញចោលនៅទីតាំងផ្ទាល់តែម្ដង៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តក្រចេះ SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត