ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្រ្តីជលផល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានរាល់បទល្មើសនេសាទ ជាពិសេសការនេសាទនៅក្នុងរដូវត្រីពង ដែលត្រូវបានហាមឃាត់ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៥…។

ក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨សីហានេះ លោក វ៉ី សំណាង បានណែនាំ ក៏ដូចជាជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងអង្គការដៃគូនានាត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងកាន់បន្ថែមទៀតដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា៖ ឧបករណ៍ឆក់, ស្បៃមុង ,ថ្មស្អុយ និងគ្រឿងផ្ទុះ។ ជាពិសេស ត្រូវទប់ស្កាត់ឱ្យបានការនេសាទត្រីក្នុងរដូវត្រីពងដែលជារដូវហាមឃាត់ ឬនៅតំបន់ត្រីពងជាដើម។ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចូលរួមបំផុសចលនាលែងត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីលែងត្រីបង្កើនស្មារតីអភិរក្សជលផល ក៏ដូចជាការបង្កើនផលត្រីសំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។

បើតាមលោក វ៉ី សំណាង ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ថ្នាក់ខេត្តសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី៨សីហានេះ កូនត្រី និងបង្កង ចំនួន៦ម៉ឺនក្បាលត្រូវបានលែងចូលទៅក្នុងស្ទឹងអង្គរបូរី ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដូច្នេះ ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមចូលរួមការពារកូនបង្កង និងកូនត្រី ទាំងអស់នេះឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅជំនាន់ក្រោយ។ សូមជម្រាបថា យោងតាមរបាយការណ៍របស់លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បច្ចុប្បន្ននេះ ទូទាំងខេត្តតាកែវមានសហគមន៍នេសាទ ចំនួន១៩កន្លែង និងស្រះជម្រកត្រី ចំនួន៤៨កន្លែង៕




