ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានចុះបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅក្នុងភូមិសាស្ត្ររយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ដកហូតបាន សាច់ម៉ងប្រវែង២៣០០ម៉ែត្រ និងវត្ថុតាងជាច្រើនទៀតកម្ទេចចោលនៅនឹងកន្លែងតែម្ដង ព្រមទាំងលែងកូនត្រីចម្រុះចំនួន៧០គីឡូក្រាមចូលបឹងទន្លេសាបវិញផងដែរ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩កុម្ភៈ...។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី យកសាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យដែលកំពុងឈរជើងនៅគោលដៅទន្លេសាប ចូលរួមសហការជាមួយកម្លាំងជំនាញបរិស្ថាន កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់បានចំនួន៣ចំណុចរួមមាន៖ ចំណុចមាត់ពាមព្រែកទាល់, ចំណុចកោះផ្ទោលមាត់ទន្លេ, ចំណុចស្ទឹងកំបុតមាត់ទន្លេអតីត ឡូតិ៍នេសាទលេខ៣ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងនោះសម្ភារដែលត្រូវកម្ទេចចោលមានដូចជា៖ សាច់ម៉ងប្រវែង១៦០០ម៉ែត្រ បង្គោលឈើចំនួន៥៥០ដើម, ឡុកចាប់ត្រីចំនួន១២គ្រឿង និងលែងកូនត្រីចម្រុះចំនួន៥០គីឡូក្រាមទៅក្នុងទន្លេវិញ។

រីឯកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់បានចំនួន២ចំណុចរួមមាន៖ ចំណុចកោះដាច់ទន្លេខាងកើត ចំណុចក្រឡុកអាសារ៉ាយកញ្ចូមខាងកើត។ សម្ភារដែលដតហូតបាន ត្រូវបានកម្ទេចចោលមានដូចជា៖ សាច់មងប្រវែង៧០០ម៉ែត្រ បង្គោលឈើចំនួន២៥០ដើម ឡុកចាប់ត្រីចំនួន៥គ្រឿង ព្រមទាំងលែងកូនត្រីចម្រុះចំនួន២០គីឡូក្រាមចូលទន្លេ។ ចំពោះចំណុចកប់ចេស ក្រុមការងារបានចុះត្រួតពិនិត្យពុំមានបទល្មើសទៀតទេ រីឯអ្នកប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ។ សូមជម្រាបថា មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់ និងរក្សាភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅនៅតំបន់បឹងទន្លេសាទនោះអាចមានលទ្ធភាពអាស្រ័យផល និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែលច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់៕


