
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវការថវិកាចំណាយប្រចាំឆ្នាំជាមធ្យមចំនួនប្រមាណ៤២លានដុល្លារ សម្រាប់បន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងរក្សាបាននូវកម្រិតគុណភាពមួយដែលមានការទទួលស្គាល់ពីសាធារណជន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

របាយការណ៍ដែលទើបចេញផ្សាយនាថ្ងៃទី៤កញ្ញានេះ បានឱ្យដឹងថា ថវិកាបរិច្ចាគបានកើនឡើងដល់ចំនួនប្រមាណ២១លានដុល្លារអាម៉េរិក ឬកើនឡើង១៣ភាគរយក្នុងឆ្នាំ២០២៣ ខណៈចំនួនសប្បុរសជនកើនដល់ចំនួនប្រមាណ២៧ម៉ឺននាក់ ឬមានកំណើន ៧៩ភាគរយបើធៀបនឹងឆ្នាំ២០២២។ តាមការកកត់សម្គាល់ ការកើនឡើងនេះ គឺបន្ទាប់ពីបង្កើនកិច្ចសហការកាន់តែសកម្ម ជាមួយក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឯកជននានានៅទូទាំងប្រទេស ក៏ដូចជាតាមរយៈយន្តការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាល រាជធានី-ខេត្ត, និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗជាដើម។ បន្ថែមពីនេះ ថវិកាចំណាយទាំងនេះ ទទួលបានពីប្រភពសំខាន់ៗមួយចំនួន ដូចជា៖ ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលស្វីស, កាកបាទក្រហមកម្ពុជា, មូលនិធិគន្ធបុប្ផាស្វីស, ការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ (២ដុល្លារក្នុងសំបុត្រ១) និងសប្បុរសជនទូទៅ ដែលចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែផ្តល់វិភាគទានប្រចាំឆ្នាំចំនួន១០លានដុល្លារ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជាតែងតែផ្តល់វិភាគទាន ប្រចាំឆ្នាំចំនួន១លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរចាប់តាំងពីមូលនិធិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨។ ដោយឡែក សម្រាប់ការផ្ទេរថវិកាពីមូលនិធិគន្ធបុប្ផាកម្ពុជាទៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានធ្វើឡើងតាមយន្តការតម្រូវការជាក់ស្តែង (Demand Based Transfer)។ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃគន្ធបុប្ផាផ្តល់ឱ្យកុមារជាង២០០០នាក់ នូវអំណោយជាសុខភាព និងផ្តល់ឱ្យក្រុមគ្រួសារកុមារនូវអំណោយជាក្ដីសង្ឃឹម។ ដោយឡែក ចំនួនបុគ្គលិកវិញ មន្ទីរពេទ្យនេះមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងបុគ្គលិក ជាជនជាតិខ្មែរ ប្រកបដោយវិជ្ជាជីវៈ ២៦០៤នាក់ឯណោះ។

គួររំលឹកផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងក្រោមទម្រង់ជា «បរធនបាលកិច្ច» ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្ថាបនិក និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សំដៅធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕







